ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)

វ.ផ.ល.

សាវតាសង្ខេប
– កម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (កម្មវីធីRIA) នៅកម្ពុជាសំដៅពង្រឹងភាពប្រកួតប្រជែងនិងប្រសិទ្ធភាពនៃបញ្ញតិ្តកម្ម តាមរយៈការដាក់ឲ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិល្អក្នុងនីតិវិធីរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល។ ប្រព័ន្ធនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (ប្រព័ន្ធRIA)តម្រូវឲ្យក្រសួងនីមួយៗអនុវត្តតាមគោលការណ៍ប្រតិបត្តិល្អនិងវាយតម្លៃលើស្មារតីឬខ្លឹមសារនៃបទប្បញ្ញត្តិដែលមានផលប៉ះពាល់ដល់បន្ទុកចំណាយនិងការប្រកួតប្រជែងរបស់ធុរកិច្ច។

– ឆ្នាំ២០០៨: វិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (វិធីសាស្ត្រRIA) ត្រូវបានអនុវត្តសាកល្បងនៅអតីតក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ស្ថិតនៅក្រោមកម្មវិធីលើកកម្ពស់គុណភាពលិខិតបទដ្ឋានគតិយុត្ត ដែលគាំទ្រដោយជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

– ២០១១–២០១៥: គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (គម្រោងRIA) (ជំនួយ ADB លេខ 0224) ត្រូវបានអនុវត្តដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក្នុងនាមជាទីភ្នាក់ងារប្រតិបត្តិគម្រោង) ដែលមានការចួលរួមអនុវត្តពីក្រសួងចំនួន ៧ (ក្នុងនាមទីភ្នាក់ងារអនុវត្តគម្រោង)។

– នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដូច្នេះក្រសួងស្ថាប័នបានចូលរួមកាន់តែច្រើន ដែលមកដល់បច្ចុប្បន្ននេះមានក្រសួងចំនួន១៦ ព្រមទាំងស្ថាប័នចំនួន២៖ ក្រសួងរ៉ែនិងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ កម្មវីធីRIAនេះបន្តដឹកនាំដោយក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា ឯកឧត្តម យឹម ណុលសន និងការគ្រប់គ្រងដោយ ឯកឧត្តម ប៉ិច សុខា។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តជួយឧបត្ថម្ភជំនួយបច្ចេកទេស (TA) រហូតដល់ខែមិថុនា ឆ្នាំ២០១៩។

ការបង្កើតក្រុមការងារ


លទ្ធផសម្រេចបាន
លទ្ធផលទី១ – កសាងធនធានមនុស្ស: ពីឆ្នាំ២០១១ដល់ ខែធ្នូ ឆ្នាំ២០១៨ បានបណ្តុះបណ្តាលមន្ត្រី ចំនួន ១២៩៨នាក់ រួមដំណើរសិក្សាដកពិសោធន៍នៅប្រទេសអូស្ត្រាលី អង់គ្លេស វៀតណាម កាណាដា ផងដែរ។



លទ្ធផលទី២ – របាយការណ៍RIA: ពីឆ្នាំ២០១១ដល់ខែធ្នូឆ្នាំ២០១៨ ក្រសួងស្ថាប័នបានបញ្ចប់
របាយការណ៍វាយតម្លៃបឋមចំនួន៥៣ និងរបាយការណ៍វាយតម្លៃពេញលេញចំនួន៣ ហើយកំពុងរៀបចំរបាយការណ៍វាយតម្លៃបឋមចំនួន៩ទៀត។

លទ្ធផលទី៣ – ការផ្សព្វផ្សាយអំពីRIA:ពីឆ្នាំ២០១១ ដល់ខែធ្នូ ឆ្នាំ២០១៨ បានធ្វើការផ្សព្វផ្សាយជាសាធារណៈដល់ក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល ចំនួន២២១ដង និងមានអ្នកចូលរួមសរុបចំនួន ១១,៩៨០នាក់។



ផែនទីបង្ហាញផ្លូវនៃការអនុវត្តកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត


 

គេហទំព័រ: www.ecosocc.gov.kh
Facebook Page: ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC