ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ. ឬ ECOSOCC) ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ២០០៩ ជាយន្តការនៅអមទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ តាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ហើយលើកយោបល់ជូនរាជរដ្ឋាភិបាល។
ECOSOCC ត្រូវបានគេស្គាល់ជាទូទៅពីមុនមកចាប់ពីឆ្នាំ១៩៩៦ក្នុងរាជរដ្ឋាភិបាល
អាណត្តទី១ថាជា “ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (Observatoire économique sociale et culturelle – OBSESC)”។
ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក OBSESCបានបំពេញការងារយ៉ាងសកម្ម និងដ៏មានប្រសិទ្ធភាពតាមភារកិច្ចដែល រាជរដ្ឋាភិបាលប្រគល់ជូនដូច ជាការតាមដានប្រចាំខែ នៃការវិវត្ដស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ការពិនិត្យ និងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដនានារួចលើកយោបល់ជូន រាជរដ្ឋាភិបាល ។ យោងតាមសមិទ្ធិផល ដែលទទួលបាននិងភារកិច្ចយ៉ាងច្រើនដែលត្រូវបំពេញ រាជរដ្ឋាភិបាលបានប្រែក្លាយ “ក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ OBSESC” ទៅជា “ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ECOSOCC” ដោយព្រះរាជក្រឹត្យលេខ នស.រកត ០២/០៩/១៧៣ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០០៩។
ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ECOSOCC បានសហការយ៉ាងជិតស្វិទ្ធជាមួយក្រុមប្រឹក្សាអ្នកច្បាប់អមទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈកិច្ចប្រជុំជំនាញបច្ចេកទេស ដោយមានតំណាងក្រសួងសាមីចូលរួម មុននឹងបញ្ចូនឯកសារនេះទៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យបន្ដ។
អតីតឧបនាយករដ្ឋមន្រ្តី សម្ដេចវិបុលបញ្ញា សុខ អាន តែងតែប្រដូច ECOSOCC និង ក្រុមប្រឹក្សាអ្នកច្បាប់ទៅនឹងស្លាបឆ្វេងនិងស្លាបស្ដាំ ដែលជាតួអង្គយ៉ាងសំខាន់ទ្រទ្រង់តួយន្តហោះរាជរដ្ឋាភិបាលក្នុងការបេសកម្មបំរើជាតិមាតុភូមិប្រកបដោយជោគជ័យ។
មុខងារនិងភារកិច្ចរបស់ECOSOCCត្រូវបានបង្ហាញក្នុងមាត្រា២នៃព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលមានខ្លឹមសារដូចតទៅ៖
– ពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលវិវត្តប្រចាំខែ និងប្រចាំឆ្នាំ ដោយប្រមូលទិន្នន័យនិងព័ត៌មានពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយធ្វើការវិភាគរកមូលហេតុ រួចធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល
– សិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជះឥទ្ធិពលលើការអភិវឌ្ឍប្រទេស និងលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
– ចុះធ្វើអង្កេតស្ដីពីប្រធានបទពិសេសដែលរាជរដ្ឋាភិបាលឬទីស្ដីការគណៈរដ្ឋមន្រ្តីប្រគល់ជូន
– លើកយោបល់ជូនរាជរដ្ឋាភិបាលលើរាល់វិធានការដោះស្រាយចាំបាច់នានា សម្រាប់ឆ្លើយតបទៅនឹង ស្ថានភាពវិវត្តនិងបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
– ធ្វើការព្យាករស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលអាចកើតមានឡើងនាពេលអនាគតរួចផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល
– ពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព របាយការណ៍ កិច្ចព្រមព្រៀង និងឯកសារផ្សេងៗទៀត ដែលបណ្ដាក្រសួងស្ថាប័នដាក់ស្នើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល
– ចងក្រងទិន្នន័យនិងព័ត៌មានវិស័យសេដ្ឋកិច្ច សង្គមកចិ្ច និងវប្បធម៌ រួមទាំងឯកសារលិខិតបទដ្ឋានគតិយុត្តនានា តាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មាន
– សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល ផ្នែកឯកជន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍដើម្បីផ្លាស់ប្ដូរបទពិសោធ ទិន្នន័យ និងព័ត៌មាន
– រៀបចំសិក្ខាសាលានិងផ្ដល់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ចនិង វប្បធម៌
– បំពេញការផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាលឬទីស្ដីការគណៈរដ្ឋមន្រ្តី។
គេហទំព័រ: www.ecosocc.gov.kh
Facebook Page: ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC