រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយបានអញ្ជើញអង្គការសហប្រជាជាតិ ឱ្យចូលរួមក្នុងដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិនិងច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៦ និងថ្ងៃទី៦ ខែមករា ១៩៧៩។ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងច្បាប់ ក៏ដូចជាការចរចារកិច្ចព្រមព្រៀង ដើម្បីបង្កើតឡើងនូវអ.វ.ត.ក ដែលជាតុលាការមានអាណត្តិជាប្រវត្តិសាស្រ្ត។ គោលបំណងនៃការជំនុំជម្រះក្តីនេះ គឺដើម្បីស្វែងរកយុត្តិធម៌ ការពិត និងការចងចាំ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ដែលជាមធ្យោបាយដ៏សំខាន់មួយក្នុងការគោរព និងការចងចាំដល់ជនរងគ្រោះទាំងអស់ ដើម្បីជួយពង្រឹងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា និងដើម្បីធានាកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា ឬនៅទីណាៗទាំងអស់ នៅក្នុងពិភពលោកនេះ។
ក្នុងរយៈពេល១២ ឆ្នាំនៃដំណើរការរបស់ អ.វ.ត.ក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី អ.វ.ត.ក បានលើកឡើងថា អ.វ.ត.ក ដែលគេស្គាល់ជាទូទៅថាសាលាក្តីខ្មែរក្រហម បានបញ្ចប់ជាស្ថាពរដោយជោគជ័យនូវសំណុំរឿងចំនួន ៣ គឺទី១-សំណុំរឿង ០០១ ចំពោះពិរុទ្ធជន កាំង ហ្គេកអ៊ាវ ហៅឌុចកំពុងអនុវត្តទោសអស់មួយជីវិតនៅពន្ធនាគារ ទី២-សំណុំរឿង ០០២ ទាំងដំណាក់កាលទី១ និងដំណាក់កាលទី២ ជនជាប់ចោទ នួន ជា និងខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿង ០០២ ត្រូវបានគេចាត់ទុកថាជាសំណុំរឿងសំខាន់ជាងគេបំផុត នៅក្នុងសាវតានៃប្រព័ន្ធយុត្តិធម៌អន្តរជាតិចាប់តាំងពីការជំនុំជម្រះក្តីនៅតុលាការន័ររឹមប៊ឹតនៅប្រទេសអាល្លឺម៉ង់ ដោយហេតុថាសាលាក្តីខ្មែរក្រហមបានចោទប្រកាន់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យដែលនៅរស់រានមានជីវិតចំនួន ៤ នាក់។
ជាមួយនឹងសមិទ្ធិផលទាំងផ្នែកយុត្តាធិការ និងសមិទ្ធផលក្រៅយុត្តាធិការ សាលាក្តីខ្មែរក្រហមក៏ បានបន្សល់ទុកនូវកេរដំណែលដែលត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចងចាំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន តុលាការ និងប្រព័ន្ធយុត្តិធម៌ ដូចជា៖
ទី១-សាលាក្តីខ្មែរក្រហមត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាតុលាការគំរូមួយសម្រាប់ការធ្វើវិនិច្ឆ័យនូវឧក្រិដ្ឋកម្ម និងការសម្លាប់រង្គាល។
ទី២-ជនរងគ្រោះនៃរបបខ្មែរក្រហមជាង ៤០០០ នាក់ត្រូវបានទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណី ហើយក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តសិទ្ធិ ដោយផ្ទាល់នៅក្នុងដំណើរការជំនុំជម្រះក្តី ព្រមទាំងមានសិទ្ធិទាមទារសំណងផ្លូវចិត្ត និងសមូហភាព។
ទី៣-សាធារណជនជាងកន្លះលាននាក់បានមកតាមដានដំណើរការស្វែងរកយុត្តិធម៌នៅសាលាក្តីខ្មែរក្រហមដោយផ្ទាល់ ឬតាមសកម្មភាពផ្សព្វផ្សាយដែលរៀបចំឡើងដោយ ផ្នែកកិច្ចការសាធារណៈ អង្គភាពគាំពារជនរងគ្រោះ និងសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី។
ទី៤-ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យសម្រាប់ឱ្យសិស្ស និងយុវជនជំនាន់ក្រោយធ្វើការសិក្សាស្វែងយល់។
ទី៥-គំរូរដ្ឋបាលរបស់សាលាក្តីខ្មែរក្រហម ត្រូវបានដាក់ឱ្យអនុវត្តនៅប្រព័ន្ធតុលាការកម្ពុជា ដើម្បីធ្វើឱ្យសេវាយុត្តិធម៌កាន់តែមានប្រសិទ្ធិភាព និងសុក្រឹត្យភាព។
ទី៦-មជ្ឈមណ្ឌលឯកសារច្បាប់ (ម.ត.ឯ.ច) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ និងមានតួនាទីតម្កល់ឯកសារច្បាប់ និងឯកសារពាក់ព័ន្ធនឹងដំណើរការជំនុំជម្រះក្តីរបស់ អ.វ.ត.ក សម្រាប់ឱ្យសាធារណជន សិស្ស-និស្សិត អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ មកសិក្សាស្វែងយល់ឱ្យបានទូលំទូលាយជាប្រយោជន៍ដល់ពួកគេ និងសម្រាប់មនុស្សជំនាន់ក្រោយ។