អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

អំពីអាជ្ញាធរមីន

         អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានតួនាទីនិងភារកិច្ចជាអ្នកដឹកនាំ និងសម្របសម្រួលលើវិស័យសកម្មភាពមីនទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងជាស្ថាប័ននិយ័តករក្នុងការដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន រៀបចំផែនការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម គ្រប់គ្រងទិន្នន័យសកម្មភាពមីន តាមដាន ត្រួតពិនិត្យនិងដឹកនាំការអនុវត្តវិស័យសកម្មភាពមីននៅកម្ពុជា។

១. កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម


         ក្រោមកិច្ចសម្របសម្រួលវិស័យសកម្មភាពមីនរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អ.ធ.ម.) បច្ចុប្បន្នមានប្រតិបត្តិករជាតិ អន្តរជាតិ ចំនួន០៩ ដែលបាននិងកំពុងអនុវត្តការងារបោសសម្អាតមីនបម្រើឲ្យផ្នែកមនុស្សធម៌ និងពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា និងមានសារមន្ទីរគ្រាប់មីនកម្ពុជា និងមូលនិធិសង្រ្គោះ (CLMRF) ចំនួន ០១ ដូចខាងក្រោម៖
ក) ប្រតិបត្តិករផ្នែកមនុស្សធម៌

 • មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)
 • មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)
 • អង្គការហាឡូត្រាស្ត (HALO Trust)
 • អង្គការម៉ែក (MAG)
 • អង្គការ NPA
 • អង្គការ APOPO
 • អង្គការដោះមីនកម្ពុជា(CSHD)
 • បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក

ខ) ប្រតិបត្តិករផ្នែកពាណិជ្ជកម្ម

 • ក្រុមហ៊ុន D&Y

គ) សារមន្ទីរគ្រាប់មីនកម្ពុជានិងមូលនិធិសង្រ្គោះ (CLMRF)

 • សារមន្ទីរគ្រាប់មីនកម្ពុជានិងមូលនិធិសង្រ្គោះ (CLMRF)

២. ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន


         រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតគូរយ៉ាងពេញលេញអំពីការបញ្ជ្រាបយេនឌ័រលើគ្រប់វិស័យ ដូចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យសកម្មភាពមីននៅគ្រប់កម្រិត។
         ក្នុងឆ្នាំ២០១២ ក្រុមការងារបច្ចេកទេសយេនឌ័រក្នុងវិស័យសកម្មភាពមីន បានសហការជាមួយកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រុមការងារផែនការសកម្មភាពមីនខេត្ត(MAPU)និងភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ បានបង្កើតផែនការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីនរយៈពេលបីឆ្នាំ(២០១៣-២០១៥)។ ផែនការនេះ មានគោលបំណងជំរុញអោយមានការបង្កើនការចូលរួមរបស់ស្រ្ដីក្នុងសកម្មភាពមីន ដើម្បីរួមចំណែកលើកស្ទួយសិទ្ធិសេរីភាពរបស់ស្រ្តីគ្រប់រូប ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកលើការអភិវឌ្ឍជាតិ។
         ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ អាជ្ញាធរមីន បានសហការជាមួយប្រតិបត្តិករជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធ ត្រួតពិនិត្យ និងវាយតម្លៃលើការងារបញ្រ្ជាបយេនឌ័រក្នុងវិស័យសកម្មភាពមីន និងបានបន្តរៀបចំផែនការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីនរយៈពេលប្រាំឆ្នាំ (២០១៨-២០២២) ក្នុងគោលបំណងអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ប្រកបដោយប្រសិទ្ធភាព និងធានានូវការចូលរួមប្រកបដោយសមភាពរបស់ស្ត្រី បុរស កុមារី និងកុមារា ក្នុងវិស័យសកម្មភាពមីនគ្រប់កម្រិត។
         នៅក្នុងឆ្នាំ២០១៨នេះ អ.ធ.ម បានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ២០១៨-២០២២ និង ផែនការ៣ឆ្នាំរំកិលនៃវិស័យសកម្មភាពមីន ២០១៨-២០២០។

៣. សមិទ្ឋផលការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងអត្រាជនរងគ្រោះថ្នាក់ដោយសារមីន


         គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រតិបត្តិករបោសសម្អាតមីនជាតិនិងអន្តរជាតិចំនួន៦រួមមាន CMAC NPMEC-RCAF HALO Trust MAG NPAនិងCSHD បានធ្វើការបោសសំអាតមីនសម្រេចលើផ្ទៃដី ១.៧៩៤.៨៨៩.១៤០ ម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០៦១.៧៨៥គ្រាប់ មីនប្រឆាំងរថក្រោះ ២៤.៨២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ២.៧៦៣ ១៩៧គ្រាប់។
         គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២៨.៤៣៤នាក់ ក្នុងចំណោមជនរងគ្រោះទាំងនោះមាន៖

 • ជនរងគ្រោះដោយសារមីនចំនួន ១៨.៤៩៩នាក់ ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៩.៩៣៥នាក់ ក្នុងនោះស្លាប់ចំនួន ៦.៣៧០នាក់ របួសចំនួន ១៦.៨៩៨នាក់ និងពិការចំនួន ៥.១៦៦នាក់។
 • ជនរងគ្រោះជាបុរសចំនួន ២១.៥៩៣នាក់ ស្ត្រីចំនួន ១.៨៧៧នាក់ ក្មេងប្រុសចំនួន ៤.០០៥នាក់ និងក្មេងស្រីចំនួន ៩៣៤នាក់ មិនស្គាល់អត្តសញ្ញាណ ចំនួន ២៥នាក់។

៤. ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម


         អាជ្ញាធរមីន ក៏ជាអ្នកដើរតួនាទីសម្របសម្រួលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. តាំងពីឆ្នាំ២០០៣ ដើម្បីត្រួតពិនិត្យសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. និង ដើម្បីពង្រឹងការអនុវត្តស្តង់ដារជាតិស្តីពីការអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងស.ផ.ស.។ ប្រតិបត្តិករចំនួន១០ បាននិងកំពុងអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. រួមមាន ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា នគរបាលជាតិ NPMEC CMAC HALO Trust MAG CSHD NPA និង អង្គការSOS បានអនុវត្តការងារ និងទទួលបានលទ្ធផលដូចខាងក្រោម៖

 • ផ្តល់កម្មវិធីអប់រំយល់ដឹងពីមីនចំនួន ៧៧.១៧០វគ្គ ដែលមានអ្នកចូលរួមចំនួន ៦.៨៤១.៣០៥នាក់ ក្នុងនោះ បុរស ចំនួន ៣.៥១៩.៣១៣នាក់ ស្ត្រី ចំនួន ១.៦៦០.៩៩៦នាក់ និងកុមារី ចំនួន ១.៣៣៩.៩៣៤នាក់

៥. ការគ្រប់គ្រងប្រព័ន្ឋព័ត៌មានវិស័យសកម្មភាពមីន

         បច្ចុប្បន្នការិយាល័យគ្រប់គ្រងទិន្នន័យ ជាកន្លែងចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិអន្តរជាតិ និងម្ចាស់ជំនួយមកធ្វើទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងប្រព័ន្ធ និងការគ្រប់គ្រងទិន្នន័យសកម្មភាពមីន។ រយៈពេល ១១ខែចុងក្រោយនេះ ភ្ញៀវដែលបានមកធ្វើទស្សនកិច្ចរួមមាន ស្ថានទូតកាដាណា ស្ថានទូតបារំាង អង្គការ DFID របស់ ប្រទេសអង់គ្លេស អង្គការ JICA របស់ប្រទេសជប៉ុន អ.ធ.ម និងប្រតិបត្តិករបោសសំអាតមីនរបស់ប្រទេសឡាវ អង្គការ UNFPA អាជ្ញាធរមីនរបស់ប្រទេសលីបង់ ភ្ញៀវមកពីប្រទេសចិន សហគមន៍អឺរ៉ុប តំណាងប្រតិបត្តិករបោសសំអាតមីន និងគ្រាប់របស់អង្គការ HALO និងអង្គការ MAG ។
         ការិយាល័យគ្រប់គ្រងទិន្នន័យ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់បច្ចេកទេស និងបណ្ដុះបណ្ដាលការគ្រប់គ្រងទិន្នន័យវិស័យសកម្មភាពមីនដល់ក្រុមការងារផែនការសកម្មភាពមីនខេត្ត ២៥ រាជធានី ខេត្ត ប្រតិបត្តិករជាតិ អន្តរជាតិ និងបណ្តាប្រទេសមួយចំនួនផងដែរ។ ការិយាល័យគ្រប់គ្រងទិន្នន័យ ក៏បានចងក្រងរាល់ទិន្នន័យវិស័យសកម្មភាពមីននៅប្រទេសកម្ពុជា និងបានចែកចាយដល់ភាគីពាក់ពន្ធ័ដែលត្រូវការទិន្នន័យវិស័យសកម្មភាពមីនដូចជា ប្រតិបត្តិករជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានាផងដែរ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ ដែលមានឈ្មោះថា IMSMA (Information Management System For Mine Action Next Generation) ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ ធានាដល់ការគ្រប់គ្រងទិន្នន័យវិស័យមីនក្នុងប្រទេសកម្ពុជា ដែលត្រូវបានដាក់ឲ្យដំណើរការពេញលេញ និងទទួលបានភាពជឿជាក់ពីសំណាក់ប្រតិបត្តិករជាតិ និងអន្តរជាតិនៅចុងឆ្នាំ ២០១៤។

៦. កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម


         កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាកិច្ចការមួយដ៏ចម្បងនៅក្នុងសសរស្តម្ភទាំង៥នៃវិស័យសកម្មភាពមីន ដែលបានរួមចំណែកជួយគាំទ្រលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅដល់ជនរងគ្រោះដោយសារមីននិងស.ផ.ស. ក្នុងនោះដែរ អាជ្ញាធរមីនបានសម្របសម្រួល សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ អង្គការប្រតិបត្តិការផ្នែកពិការភាពចំនួន២៤ ដើម្បីអនុវត្តការងារស្រង់ទិន្នន័យជនរងគ្រោះដោយសារមីននិងស.ផ.ស. ដែលទទួលបានសេវានានា និងបានធ្វើការជ្រើសរើសបណ្តាញអ្នកស័្មគ្រចិត្តជនពិការចំនួន៤៨នាក់ ដើម្បីអនុវត្តការងារសិក្សាពីស្ថានភាពជីវភាពរស់នៅរបស់ជនពិការ (QLS) និងជួយផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងសេវានានាដល់ជនពិការទូទៅនៅទូទាំង២៥រាជធានីខេត្ត ដើម្បីកត់ត្រា និងរក្សាទុកទិន្នន័យស្ថានភាពជីវភាពរស់នៅរបស់ជនពិការចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់ជាតិរបស់អ.ធ.ម.(IMSMA)។ គិតចាប់ពីឆ្នាំ២០១៣ ដល់ ២០១៨ នាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន សម្រេចបានលទ្ធផលដូចខាងក្រោម៖

 • បានចុះសិក្សាពីគុណភាពជីវិតរបស់ជនពិការទូទៅ និងជនរងគ្រោះដោយសារមីន និងស.ផ.ស. ចំនួន ២៤.៣១៦ នាក់
 • បានផ្តល់កិច្ចសង្គ្រោះបន្ទាន់នានាដល់ជនរងគ្រោះដោយសារមីន និងស.ផ.ស ជាគ្រឿងឧបភោគបរិភោគចំនួន ៥២២ នាក់
 • បានបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំ ភូមិ ក្នុងការកត់ត្រាទិន្នន័យជនពិការចំនួន ៥៣៨នាក់
 • បានរៀបចំវេទិកាស្តីពីតម្រូវការរបស់ជនរងគ្រោះដោយសារមីន និងស.ផ.ស ដែលមានការចូលរួមពីជនរងគ្រោះដោយសារមីន និងជនពិការទូទៅចំនួន ៥៤៦នាក់។


ឯកសារ

លេខទូរស័ព្ទទំនាក់ទំនង: (៨៥៥) ២៣ ២២៨ ២៦៥
Website: www.cmaa.gov.kh
អាសយដ្ឋាន៖ ផ្លូវលេខ ២៧៣ កែង ៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ