រសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម អេង ទូច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ” ជូនដល់សិក្ខាកាមជាមន្រ្តីជំនាញជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់ថ្នាក់អគ្គនាយក សំដៅបង្កើនសមត្ថភាព,គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។
ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការ វង្សី វិស្សុត, ឯកឧត្តម អេង ទូច បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលដឹកនាំដោយឯកឧត្តម ថោង សុជាតិ និងឯកឧត្តម សោម គន្ធា ដែលបានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយសទាំង ៤រូប ដែលបានអញ្ជើញមកធ្វើបទឧទ្ទេសនាមដល់សិក្ខាកាម គឺ៖ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ, ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ, បណ្ឌិត អ៊ុន លាង និងបណ្ឌិត ហេង ភក្តី។ ឯកឧត្តម អេង ទូច ក៏បានសំដែងនូវការកោតសរសើរ និងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលផងដែរ។
ឯកឧត្តម អេង ទូច ក៏មានប្រសាសន៍ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍសមត្ថភាពបន្ថែមលើចំណេះដឹងដែលមានស្រាប់របស់សិក្ខាកាម ឱ្យទទួលបាននូវពុទ្ធិថ្មី, ការអនុវត្តល្អៗ និងជួយបង្កើនការយល់ដឹងអំពីគោលការណ៍ និងគុណតម្លៃស្នូលនៃភាពជាអ្នកដឹកនាំ។ ទន្ទឹមនេះ សិក្ខាកាមក៏បានយល់ដឹងបន្ថែមអំពីនវានុវត្តន៍ ក្នុងវិស័យសាធារណៈទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្ដរជាតិ និងជួយពង្រឹងសមត្ថភាពភាពភាពជាអ្នកដឹកនាំ, ការច្នៃប្រឌិត, ការគ្រប់គ្រងការផ្លាស់ប្តូរ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងការបំពេញការងារក្នុងស្មារតីជាក្រុម ស្របតាមអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ជារួម វគ្គបណ្តុះបណ្តាលនេះឆ្លើយតបទៅនឹងតម្រូវការការងាររបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
ឯកឧត្តម អេង ទូច បានបន្តមានប្រសាសន៍ថា ការបំពាក់បំប៉ននិងអភិវឌ្ឍន៍សមត្ថភាពបន្ថែម គឺជាសកម្មភាពដែលមិនអាចខ្វះបាន និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យសាធារៈ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបីនៃផែនការសកម្មភាព២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ឯកឧត្តម អេង ទូច បានលើកឡើងថា ការអភិវឌ្ឍសមត្ថភាពមន្រ្តីឱ្យមានសមត្ថភាពខ្ពស់ និងពូកែ គឺជាបុរេល័ក្ខខ័ណ្ឌ ដើម្បីអាចឈានទៅសម្រេចបាននូវការកសាងរដ្ឋបាលសាធារណៈមួយដែលខ្លាំង, វៃឆ្លាត និងស្អាតស្អំ។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៥ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាមន្រ្តីជំនាញជាន់ខ្ពស់ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់ថ្នាក់អគ្គនាយក សរុបចំនួន ៥០ នាក់។ ពិធីបើកវគ្គបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ កន្លងមក ទីស្តីការគណៈរដ្ឋមន្រ្តីបានបើកវគ្គបណ្តុះបណ្តាលមួយចំនួនជូនដល់មន្រ្តីរាជការរួចហើយ និងបានគ្រោងរៀបចំវគ្គបណ្តុះបណ្តាលដើម្បីកសាងសមត្ថភាពជូនដល់មន្រ្តីជាបន្តបន្ទាប់ទៀត ស្របតាមផែនការយុទ្ធសាស្រ្ត និងផែការអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន។