ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែង ៩២,៩គីឡូម៉ែត្រ ស្ថិតក្នុងស្រុកបារាយណ៍ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញ​ជាអធិបតី​ក្នុង ពិធីសម្ពោធបើក​ការដ្ឋាន​សាងសង់​ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង​ផ្លូវ​បេតុងប្រវែង ៩២,៩គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពិធីនេះ មានការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Igor DRIESMANS ឯកអគ្គ​រដ្ឋ​ទូត​​សហភាព​អឺរ៉ុប, ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋ​ទូតបារាំង​, ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋ​ទូតអាល្លឺម៉ង់, ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួង​ធនធានទឹកនិង​ឧតុនិយម, ឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុម​ប្រឹក្សានិងគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សាបច្ចេកទេស តំណាងក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុសិស្ស សរុបប្រមាណ១៦០០នាក់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ  បានពាំនាំ​​នូវប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខ សេចក្តីនឹក​រលឹក និង​សេច​​​ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ​ពី​សំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ព្រមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូន​ចំពោះ​​ថ្នាក់​ដឹកនាំ​ មន្រ្តី​រាជកា​រ​​គ្រប់​លំដាប់ថ្នាក់​ ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ និងជាពិសេស​​​​​បងប្អូន​ប្រជាពលរដ្ឋទាំងអស់នៃ​ខេត្ត​កំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានសម្ដែងនូវសេចក្ដីសោមនស្សនិងពេញចិត្តក្រៃលែង ចំពោះគម្រោង​សាង​សង់​ផ្លូវ​ក្រាល​​កៅស៊ូពីរជាន់ (DBST) និង​ផ្លូវ​បេតុងប្រវែង ៩២,៩​គីឡូម៉ែត្រ ចំនួន១២ខ្សែ ក្នុងខេត្ត​កំពង់ធំ​ ក្នុង​ក្របខ័ណ្ឌ​​កម្មវិធី​អភិវឌ្ឍន៍​​ហេដ្ឋា​រចនាសម្ព័ន្ធជនបទ​សម្រាប់​កម្ពុជា (RID4CAM) ក្រោម​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​​ពីមូលនិធិ​សហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារ​បារាំង​​សម្រាប់​ការអភិវឌ្ឍ (AFD) និង ធនាគារ​អភិវឌ្ឍន៍​​អាល្លឺម៉ង់ (KfW) ដែល​ជាចំណងដៃដ៏ថ្មីស្រឡាងមួយសម្រាប់​ខេត្តកំពង់ធំ ក៏ដូចជា​សម្រាប់​ខេត្ត​គោលដៅ​ចំនួន៦ផ្សេងទៀត ក្នុង​​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

​គម្រោងនេះកើតចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍនិងភាព​ជាដៃគូ ស្របតាមយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល និងចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់​ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត​កំពង់ធំក្នុងការ​ជំរុញសន្ទុះនៃការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការ​ប្រែប្រួលមុខមាត់ តាមរយៈ​ការដោះស្រាយ​ជីវភាពរបស់​ប្រជាជន​ និងរួមចំណែក​ឆ្លើយតប​ទៅនឹងភាព​មាន​កម្រិត និងសេចក្តីត្រូវការដ៏ច្រើន​ផ្នែក​​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្តចាំបាច់​នានា​ សម្រាប់បម្រើឱ្យការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមរបស់ខេត្ត ព្រមទាំងអាចឱ្យ​ប្រជាជន​ដែលរស់​នៅ​ក្នុងតំបន់​​នៃខេត្តគោលដៅ​ អាចធ្វើដំណើរ​បានគ្រប់​រដូវកាល និងប្រើប្រាស់សម្រាប់​ការងារ​​ពហុបំណង។ លើសពីនេះ បន្ទាប់ពីគម្រោង​សាងសង់នេះបញ្ចប់ជាស្ថាពរខេត្ត​កំពង់ធំ​នឹងកាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិនក្នុង​ស្រុកនិងបរទេស ក្នុងការដាក់ទុនវិនិយោគលើ​វិស័យ​​ដែលមាន​សក្តានុពល​ ជាពិសេសវិស័យ​​​កសិ-ឧស្សាហកម្ម កម្មន្តសាល និងវិស័យទេសចរណ៍ ដូចទៅនឹង​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន ដែលតែងបានលើកឡើងនាពេលកន្លងមក «មានផ្លូវ គឺមានក្ដីសង្ឃឹម» និង «មានផ្លូវ គឺមាន​ការអភិវឌ្ឍ»។

ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោម​ការ​ដឹកនាំ​របស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដែលបានដឹកនាំនិងសម្រប​សម្រួល​​ការអនុវត្តគម្រោង​កម្មវិធី​​​​​​​អភិវឌ្ឍន៍​​​ហេដ្ឋា​រចនាសម្ព័ន្ធ​ជនបទសម្រាប់កម្ពុជា (RID4CAM) ប្រកប​ដោយប្រសិទ្ធភាព ក៏​ដូច​​ជា​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ទីប្រឹក្សាបច្ចេកទេសពាក់ព័ន្ធ និង​ដៃគូទាំងអស់​ ព្រមទាំងបានផ្តាំផ្ញើឱ្យ​បន្ត​សហការគ្នាឱ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងការ​អនុវត្ត​គម្រោង ការគ្រប់គ្រង និងការអភិវឌ្ឍ​ ដោយធានានូវប្រក្រតីភាពនៃជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅ​សង​ខាង​​​ផ្លូវ​ ​និងស្នើដល់​បងប្អូនប្រជាពលរដ្ឋឱ្យមានការយោគយល់ បង្កលក្ខណៈងាយស្រួល និងចូលរួមថែទាំ​នូវ​បណ្ដាញហេដ្ឋា​រចនាសម្ព័ន្ធឱ្យបានយូរអង្វែង។

ក្នុងឱកាសនេះដែរ ឯកឧត្តម Igor DRIESMANS ឯកអគ្គ​រដ្ឋ​ទូត​​សហភាព​អឺរ៉ុប បានវាយតម្លៃខ្ពស់ ចំពោះភាពជា​ដៃគូដ៏រឹងមាំនិងកិច្ចសហការជិតស្និទ្ធ​រវាងសហភាពអឺរ៉ុប​​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិត ផ្ដួចផ្ដើមរបស់​សហគមន៍អឺរ៉ុប និងរដ្ឋជាសមាជិកអឺរ៉ុប ជាពិសេស​ប្រទេស​បារាំង និងប្រទេសអាល្លឺម៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែង​រួមគ្នា ជំរុញការ​លើកកម្ពស់សេដ្ឋកិច្ច​នៅតាមទីជនបទដោះស្រាយ​បញ្ហាប្រឈមនៅតាមសហគមន៍ កាត់​បន្ថយភាពក្រីក្រ ទប់ស្កាត់ផលប៉ះពាល់នៃការ​ប្រែប្រួល​អាកាសធាតុ លើកកម្ពស់សុខភាព និងគាំទ្រដល់ការធ្វើ​សមាហរណកម្មកម្ពុជាទៅក្នុងតំបន់ តាមរយៈ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន។ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋ​ទូតបារាំង បានបន្ថែមថា គម្រោង​នេះមិនមែនគ្រាន់តែជាគម្រោងសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគឺជា​ការវិនិយោគដ៏សំខាន់ទៅលើមនុស្ស ដោយកាត់បន្ថយភាពដាច់ឆ្ងាយនៃសហគមន៍នីមួយៗ ​កាត់​បន្ថយ​ពេល​វេលានិងចំណាយធ្វើដំណើរ ព្រមទាំងបង្កើន​លទ្ធភាព​ទទួលបានសេវាថែទាំសុខភាព ការអប់រំ និងឱកាស​សេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ជីវភាព​របស់ប្រជាជនក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋ​ទូតអាល្លឺម៉ង់ បានគូស​រំលេចនូវសមិទ្ធផលសំខាន់ៗនៃកិច្ចសហ​ប្រតិបតិ្តការកម្ពុជា-អាល្លឺម៉ង ដោយកន្លងមកប្រទេស​អាល្លឺម៉ង់បានវិនិយោគសរុបប្រមាណ ៧៥,៥១៦លាន អឺរ៉ូ និង ៣១លាន Deutsche Mark (DM) ក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម​ឯកអគ្គរដ្ឋទូតទាំងបីរូប បានបង្ហាញនូវ​ឆន្ទៈមោះមុតក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍ និង​ការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូ​វ​​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការសប្បុរស និង​ថ្លៃថ្លារបស់សហភាពអឺរ៉ុប តាមរយៈ​មូលនិធិ​សហភាពអឺរ៉ុប (EU/AIF)​ រដ្ឋាភិបាល​បារាំង តាមរយៈទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និងរដ្ឋាភិបាល​អាល្លឺម៉ង់ តាមរយៈ​ធនាគារអភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) និងជាពិសេសជូនចំពោះប្រជាជន និង​រដ្ឋា​ភិបាល​អាល្លឺម៉ង់ បារាំង និង​សហភាព​អឺរ៉ុប ដែលជាមិត្តល្អ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេល​ជាង៣ទសវត្សរ៍​កន្លងមក និងជឿជាក់ថា នឹងបន្តគាំទ្រ កម្មវិធីអភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា ជំហានទី២ (RID4CAM Phase II) និងកិច្ចសហប្រតិបត្តការកាន់តែស៊ីជម្រៅយូរអង្វែងជាបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានផ្ដល់កិត្តិយសអញ្ជើញបញ្ជា​គ្រឿងចក្រ ដើម្បីសម្ពោធបើក​ការដ្ឋាន​សាងសង់​ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង​ផ្លូវ​បេតុងប្រវែង ៩២,៩គីឡូម៉ែត្រ នៅខេត្តកំពង់ធំនេះផងដែរ។