ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និង មន្រ្ដី នៃ អគ្គលេខាធិការដ្ឋាន គ.យ.ប.។

អង្គប្រជុំបានផ្ដោតសំខាន់លើការពិនិត្យ និងពិភាក្សាលើការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) សំខាន់ៗ ដែលមានលក្ខណៈជាយុទ្ធសាស្រ្ដ និងកែទម្រង់ សំដៅឱ្យការកំណត់ KPIs អាចអនុវត្តបាន ជាពិសេសឆ្លុះបញ្ចាំងពីការវាយតម្លៃលើស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ដែលបានខិតខំរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ និងស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តកែសម្រួល និងសម្រួច KPIs ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃអង្គប្រជុំ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ឱ្យពន្លឿនក្នុងការបញ្ចប់ការកែសម្រួល សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឱ្យចប់រួចរាល់ ដើម្បីអាចដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច នាពេលឆាប់ខាងមុខ៕