ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដោយមានការចូលរួម ពីឯកឧត្តមជាអនុប្រធាន និងសមាជិកនៃគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់ គោរមងារឧកញ៉ា។ អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់ គោរមងារឧកញ៉ា។
សេចក្តីព្រាងអនុក្រឹត្យនេះកំណត់អំពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ាទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញ បច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់ គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។