ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.យ.ប. លើកទី៤ ដើម្បីពិនិត្យនិងពិភាក្សាលើសូចនាករសមិទ្ធកម្មគន្លឹះ ដែលមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន​ និងចំណុចដៅពេញលេញនៅក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មរបស់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ក្របខ័ណ្ឌ M&E-PS1)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដមជាសមាជិក គ.យ.ប. និង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និង​អគ្គលេខាធិការដ្ឋាន គ.យ.ប. ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូស​រំលេចជូនអង្គប្រជុំថា បន្ទាប់ពី​ក្របខ័ណ្ឌ M&E-PS1 ត្រូវបាន​សម្រេចដាក់ឱ្យអនុវត្តផ្លូវការនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ, ក្នុងចំណោម​សូចនាករសមិទ្ធកម្មគន្លឹះ (KPI) សរុបទាំង ៣៩, គ.យ.ប. ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះដែលនៅសេសសល់មួយចំនួន ដែលពុំ​ទាន់មានបន្ទាត់មូលដ្ឋាន និងចំណុចដៅពេញលេញនៅឡើយ ទាំងសូចនាករដែល​​ប្រើប្រាស់​ទិន្នន័យរដ្ឋបាល និង ​ទិន្នន័យដែល​​តម្រូវឱ្យមានការអង្កេតថ្មី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ គឺជាកិច្ច​ការមួយដ៏សំខាន់ក្នុងដំណើរការគ្រប់គ្រងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​ប្រទេស​ ដើម្បីវាស់វែងសមិទ្ធកម្ម​នៃការអនុវត្ត​គោលនយោបាយ​ សម្រាប់​​ជាមូលដ្ឋាន​​ ក្នុងការលើកកម្ពស់គណ​នេយ្យ​ភាពរបស់​ក្រសួង ស្ថាប័ន ចំពោះប្រមុខរាជរដ្ឋាភិបាលផង និង​ប្រជាពលរដ្ឋផង។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​បញ្ជាក់​ជូន​អង្គប្រជុំថា ការកំណត់ចំណុចដៅ គឺមានភាពខុសគ្នាពីការព្យាករទូទៅ ដោយសារការកំណត់ចំណុចដៅ ត្រូវពិនិត្យលើនិន្នាការកន្លងមកនៃទិន្នន័យដោយវាយតម្លៃនូវនិន្នាការ ឬការវិវឌ្ឍទៅមុខ (Business As Usual) ផង និងរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់ក្រសួង ស្ថាប័ន (Additional Effort) ផង តាមរយៈការដាក់ចេញនូវគោលនយោបាយ វិធានការជំរុញ ឬផែនការសកម្មភាពនានា ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត ដែលបានកំណត់ជាចំណុចដៅ។ ពាក់ព័ន្ធនឹងការកំណត់​បន្ទាត់មូលដ្ឋាន និង​ចំណុចដៅនេះ អង្គប្រជុំបានពិភាក្សាយ៉ាង​ផុសផុល​លើ​បញ្ហាជាច្រើន​ ដែល​សង្គម​ សេដ្ឋកិច្ច​កម្ពុជា បាននិងកំពុងជួបប្រទះ និង​ត្រូវគិតគូរដោះស្រាយជាយុទ្ធសាស្រ្តនិងជាដំណាក់​កាល​ៗ រួមមាន៖ កំណើន​​សេដ្ឋកិច្ច សន្តិសុខសង្គម ភាពក្រីក្រ គ្រោះ​មហន្តរាយ ការអប់រំ ការកៀរគរវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាស​ធុនតូចនិង​មធ្យម និងកសិកម្ម ជាពិសេសបញ្ហាទិន្នន័យនិង​ស្ថិតិ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ច​ការ​ដ៏មានសារៈសំខាន់នេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន​ សម្រាប់​រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាស​វៃ ស្វាហាប់ និង​ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​តាមដានវឌ្ឍនភាព និង​សមិទ្ធកម្មរបស់​ក្រសួង ស្ថាប័នលើ​ការអនុវត្ត​គោលនយោបាយ​ កម្មវិធីអាទិភាព និង​វិធានការ​គន្លឹះនានា​ ដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងកិច្ច​ដំណើរការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់​កម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់​លើ​កិច្ចការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ទាំងក្នុងដំណាក់​កាល​នៃការរៀបចំបន្ទាត់​មូលដ្ឋាននិងចំណុចដៅ រហូតដល់ដំណាក់កាលតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាក់​ស្តែង ជាពិសេសការប្រមូល និងការ​ប្រើប្រាស់​ទិន្នន័យប្រកបដោយគុណភាព និង​ប្រើប្រាស់វិធីសាស្រ្ត​​បែបលក្ខណៈវិទ្យា​សាស្រ្ត ដើម្បីបន្ត​ធានា និង​បង្កើនភាពជឿទុកចិត្តរបស់​ប្រជាពលរដ្ឋ និង​ធុរកិច្ច​មកលើ​រាជរដ្ឋាភិបាល​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដមជាសមាជិក គ.យ.ប. និង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី​ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការ​ផ្ដល់ធាតុចូល ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ក្នុង​តារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម នៃ​ក្របខ័ណ្ឌ M&E-PS1 ឱ្យមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ដែលបានបន្តសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំកិច្ចការនេះឱ្យមានគុណភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្ត​សម្អាត​តារាង​ម៉ាទ្រីស​វាស់​វែង​សមិទ្ធកម្ម និង​រៀបចំ​របាយការណ៍វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ M&E-PS1 ដើម្បី​ដាក់​ជូនកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ​ ពិភាក្សា និង​តម្រង់​ទិស នាពេល​ខាងមុខ ​ក្នុងន័យធានាគណនេយ្យភាព​របស់​ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងការ​បន្តកិច្ចដំណើរការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ចជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិទាំងមូល៕