ភ្នំពេញ៖ នៅថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយកម្រិតថ្នាក់ដឹកនាំ ស្ដីពី “សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូលចុងក្រោយពីថា្នក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ សំដៅធានាឱ្យសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានគុណភាព និងអាចអនុវត្ដបាន។ សិក្ខាសាលានេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម សិប្បកម្ម និង នវានុវត្តន៍, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និង មន្រ្ដីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.យ.ប. ព្រមទាំង ដៃគូអភិវឌ្ឍន៍ និងអ្នកសារព័ត៌មាន ដែលបានចូលរួមប្រមាណជាង ៣០០នាក់។
ជាសារបាន ឯកឧត្តមឧបនាយករដ្ឋន្ត្រីប្រចាំការ បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិមួយដែលមានក្របខណ្ឌពេលវេលា ២៥ឆ្នាំ ហើយត្រូវបែងចែកជា ៥ដំណាក់កាល ដោយមួយដំណាក់កាលមានរយៈពេល ៥ឆ្នាំ។ ហើយក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅធ្វើយ៉ាងណារក្សាឱ្យបាននូវចលនការ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូពុះពារសម្រេចបាននៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ជាពិសេស រក្សាឱ្យបាននូវសុខសន្ដិភាព និងការអភិវឌ្ឍដោយមានការបែងចែកប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។
ថ្លែងនៅក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាដំណាក់កាលសំខាន់ នៃវដ្ដនៃការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល (Policy Cycle) ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា «ធ្វើអ្វីក៏ដោយបើគ្មានការតាមដាន គឺអត់ជោគជ័យនោះទេ»។ ឯកឧត្តម វង្សី វិស្សុត បន្តលើកឡើងថាការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាយន្តការតម្រង់ទិស សំដៅធ្វើឱ្យប្រសើរឡើងនូវការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ដ ផែនការអភិវឌ្ឍន៍ និងការអនុវត្ដ ឱ្យមានភាពប្រាកដនិយម ឆ្លើយតបទាន់ពេលចំពោះតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការប្រែប្រួលនៃពិភពលោក និងប្រទេសជាតិ និងសម្រេចសមិទ្ធផលថ្មីៗជូនជាតិ ប្រកបដោយប្រសិទ្ធភាព។ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ការរៀបចំយន្តការតាមដាន និងវាយតម្លៃនឹងត្រូវធ្វើឡើងឱ្យមានសង្គតិភាពពីលើ ដល់ក្រោម រវាងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចសាកលកំពុងតែរងនូវការគំរាមកំហែងកាន់តែខ្លាំងឡើងរាប់ចាប់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម, សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា, សង្គ្រាមមនោគមវិជ្ជា និងការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតឡើងនៅគ្រប់ទីកន្លែង។ បញ្ហាទាំងអស់នេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អះអាងថា គឺជាកត្តាប្រឈមធំៗ របស់កម្ពុជាដូចគ្នាដែរ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យ ២០៥០។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះឡើង ដើម្បីតម្រង់ទិស តម្រង់យុទ្ធសាស្ត្រជាមួយនឹងរបៀបរបបធ្វើការថ្មី ដែលមានការឆ្លើយតប បត់បែន និងមានសមត្ថភាពខ្ពស់ ដោយគិតគូទាំងបរិការណ៍ខាងក្រៅផង និងការផ្លាស់ប្ដូរខាងក្នុងផង។
ជាលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់នេះ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា បានឯកភាពជារួម និងវាយតម្លៃខ្ពស់ លើខ្លឹមសារនៃសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ ដែលបានកំណត់អំពី (១) គោលបំណង វិសាលភាព អភិក្រមនៃការរៀបចំ និងសូចនាករសមិទ្ធកម្មគន្លឹះ (២) ក្របខ័ណ្ឌស្ថាប័ន ដែលកំណត់អំពីតួនាទីនិងភារកិច្ចរបស់តួអង្គសំខាន់ៗក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៣) ការតាមដាន និងត្រួតពិនិត្យ ដែលបង្ហាញពីនិយមន័យនិងវិសាលភាព វិធីសាស្រ្ដ ដំណើរការនៃការតាមដាន និងត្រួតពិនិត្យ (៤) ការវាយតម្លៃ ដែលកំណត់អំពីនិយមន័យ និងវិសាលភាព ប្រភេទ និងវីធីសាស្រ្ដនិងឧបករណ៍ប្រមូលទិន្នន័យនៃការវាយតម្លៃ (៥) ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល ដែលបង្ហាញអំពីរបាយការណ៍ ប្រព័ន្ធរាយការណ៍ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលសំខាន់ៗ និង (៦) ទិសដៅអាទិភាព រួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្ដ ការកសាងស្ថាប័ននិងសមត្ថភាព ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ។ ទន្ទឹមនេះ ដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល, គ.យ.ប. បានទទួលមតិយោបល់និងធាតុចូលយ៉ាងច្រើន ពីថា្នក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ សម្រាប់កែលម្អ និងធ្វើឱ្យប្រសើរឡើងនូវសេចក្តីព្រាងក្របខ័ណ្ឌនេះ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពនៃការអនុវត្ដ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានក្រើនរំលឹកនិងដាស់ស្មារតីក្រសួង ស្ថាប័ន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម លើកិច្ចការ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕