June 30, 2024

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទានថ្វាយព្រះភ្លើងព្រះបរមសពអភិសេកព្រះបរមអដ្ឋិ និង ឆាកមហាបង្សុកូល ខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី​ វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានព្រះភ្លើងព្រះបរមសពអភិសេកព្រះបរមអដ្ឋិ និង ឆាកមហាបង្សុកូល ខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្សដោយមានការចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន, ឯកឧត្ដម នេត​ ភក្ត្រា, និងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ព្រមទាំងក្រុមគ្រួសារនៃព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ ​ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជាថ្វាយព្រះពុទ្ធបដិមា, គ្រឿងសក្ការៈព្រះបរមសព និងធ្វើកិច្ចនមស្ការ សមាទានសីល វេរភត្តាហារថ្វាយប្រគេនសម្ដេចព្រះរាជាគណៈចំនួន១២ព្រះអង្គ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដម វង្សី វិស្សុត ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ បានឧទ្ទិសថ្វាយនូវព្រះមហាកុសលដែលកើតចេញពីទឹកសទ្ធាជ្រះថ្លារបស់សម្ដេចព្រះរាជាគណៈគ្រប់ព្រះអង្គ ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមយាងសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរម្លឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ៕