ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើ​សេចក្តី​ព្រាង​អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ជាលទ្ធផល បន្ទាប់ពីការពិភាក្សានិងការផ្តល់មតិយោបល់ពីអង្គប្រជុំ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានប្រគល់ភារកិច្ចជូនក្រសួងអធិការកិច្ចដើម្បីធ្វើការសម្អាតចុងក្រោយតាមស្មារតីនៃកិច្ចប្រជុំ ដោយសហការជាមួយតំណាងក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីគោរពជូន​សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច គឺរៀបចំឡើងស្របតាមសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ និងសារាចរលេខ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំចង្អៀតគណៈអចិន្ត្រៃយ៍​នៃគណៈរដ្ឋមន្ត្រី និងឆ្លើយតបទៅនឹងការបន្តអនុវត្តអភិក្រមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ សេចក្តីព្រាងអនុក្រឹត្យនេះ ក៏បានដាក់ឆ្លងកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំអន្តរក្រសួងចង្អៀតផងដែរ។