ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមធ្វើជាអធិតីភាពក្នុងកម្មវិធីបិទបញ្ចប់«គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងដៃគូសហការអន្តរជាតិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា(អ.វ.ត.ក)ផងដែរ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុនដែលជាមិត្តដ៏ល្អ, ជិតស្និទ្ធនិងស្មោះត្រង់របស់កម្ពុជាក្នុងគ្រប់កាលៈទេសៈជាមួយនឹងឆន្ទៈមោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រាប់ទាំងការទូត សង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលជាងបីទស្សវត្សរ៍កន្លងមក។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ដំណើរការកាត់ក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ការជួយសាងសង់អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) និងការអនុវត្តគម្រោងពាក់ព័ន្ធនានាដែលមានសារៈសំខាន់ក្នុងកិច្ចការនេះ។
ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ចាប់តាំងពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាតែងមានការប្តេជ្ញាចិត្ត និងផ្តល់អាទិភាពខ្ពស់ក្នុងការស្វែងរកការពិត ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង៣លាននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើត និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឬហៅកាត់ថា«សាលាក្តីខ្មែរក្រហម»នៅដើមឆ្នាំ២០០៦ ជាមួយនឹងការយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការទាំងឡាយរបស់សាលាក្តី ទាំងផ្នែកបច្ចេកទេស, ហិរញ្ញវត្ថុ និងសម្ភារៈ រហូតបានបញ្ចប់ទាំងស្រុងនូវការជំនុំជម្រះក្តីកាលពីចុងឆ្នាំ២០២២ ដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកត់សម្គាល់ឃើថា នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ អ.វ.ត.ក. សម្រេចបាននូវជោគជ័យជាច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែលដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជា ជាមួយនឹងការជះឥទ្ធពលវិជ្ជមានទាំងនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងឆាកអន្តរជាតិផងដែរ។ លទ្ធផលដែល អ.វ.ត.ក សម្រេចបានក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះរួមមាន ទី១. អ.វ.ត.ក. បានរួមចំណែកជួយពង្រឹងនីតិរដ្ឋ និងបានបញ្ចប់វប្បធម៌និទណ្ឌភាពនៅសង្គមកម្ពុជា ទោះបីជាឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនោះបានកើតមានឡើងជិត៥០សិបឆ្នាំក៏ដោយ។ ទី២. កម្ពុជាបំពេញបាននូវកាតព្វកិច្ចយ៉ាងពេញលេញនិងបានរួមចំណែកដល់«គោលការណ៍សាកលរបស់ អ.ស.ប. នៃការទទួលខុសត្រូវ ដើម្បីការពារប្រជាជនរបស់ខ្លួនពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលរួមមាន៖ អំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្រ្គាម, និងអំពើបោសសម្អាតជាតិពន្ធុ (Ethnic Cleansing) ជាដើម។
ទី៣. អ.វ.ត.ក. បានរួមចំណែកជួយពង្រឹងដល់ដំណើរការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការផ្តួចផ្តើម និងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរក្សាបាននូវសុខសន្តិភាព និងសម្រេចបាននូវឯកភាពជាតិ ទឹកដី និងការផ្សះផ្សាជាតិនៅគ្រប់ច្រកល្ហកនៃសង្គមកម្ពុជា និងបានលើកកម្ពស់ដល់ការចងចាំ ជាពិសេស ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងនៅកម្ពុជា។ ទី៤. អ.វ.ត.ក. បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ក្នុងនាមជាដើមបណ្តឹង ហើយស្វែងយល់ពីការពិតនិងទទួលបាននូវយុត្តិធម៌ចំពោះអំពើដ៏សាហាវឃោរឃៅនៃរបបខ្មែរក្រហម ដោយមានជនរងគ្រោះនិងសាធារណជនទូទៅសរុបចំនួនជាង៦៥ម៉ឺននាក់បានមកចូលរួមក្នុងដំណើរការកាត់សេចក្តីដោយផ្ទាល់ឬតាមរយៈសកម្មភាពផ្សព្វផ្សាយ និងទី៥. អ.វ.ត.ក. បានចូលរួមចំណែកយ៉ាងសំខាន់ដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់ និងយុត្តិធម៌តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការ និងមន្រ្តីច្បាប់ និងការផ្ទេរចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិ និងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាក់ស្តែង គំរូរដ្ឋបាលតុលាការរបស់ អ.វ.ត.ក. ត្រូវបានក្រសួងយុត្តិធម៌យកមកធ្វើជាគំរូ និងដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់បន្ថែមថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. គឺត្រូវធ្វើឡើងនៅក្រោមប្រព័ន្ធច្បាប់និងតុលាការជាតិ ដោយប្រើប្រាស់ប្រព័ន្ធច្បាប់ស៊ីវិល (Civil Law System) និងមានការចូលរួមពីអន្តរជាតិ ប៉ុន្តែមិនមានអំណាចសម្រេចណាមួយជំនួសកម្ពុជាក្នុងនាមជាប្រទេសមា្ចស់ផ្ទះឡើយ។ ក្នុងន័យនេះ, កម្ពុជារក្សាបាននូវអធិបតេយ្យភាព និងភាពជាម្ចាស់ក្នុងការដឹកនាំនិងចាត់ចែងដំណើរការកាត់សេចក្តី និងបង្កលក្ខណៈងាយស្រួលដល់ការបង្រួបបង្រួម និងផ្សះផ្សារជាតិ។
សម្រាប់ឯកឧត្តម វង្សី វិស្សុត សមិទ្ធផលទាំងនេះដែលកម្ពុជាសម្រេចបាន មិនអាចកាត់ផ្ដាច់បានពីការចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រនិងផ្ដល់កិច្ចសហការគ្នាបានយ៉ាងល្អពីអង្គការសហប្រជាជាតិ, សហ-គមន៍ អន្តរជាតិ និងប្រទេសជាមិត្តផ្សេងៗ ក្នុងការជំរុញដំណើរការវិនិច្ឆ័យផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពីអំពើដ៏សាហាវឃោរឃៅរបស់របបខ្មែរក្រហម។ ជាក់ស្ដែង, ចាប់តាំងពី ឆ្នាំ២០០៦មក, រាជរដ្ឋាភិបា-លជប៉ុនបានផ្ដល់ជំនួយ ទាំងផ្នែកហិរញ្ញប្បទានឥតសំណង, សម្ភារៈបច្ចេកទេស ក្នុងកិច្ចដំណើរការជំនុំជម្រះក្តីរបស់សាលាក្តីខ្មែរក្រហមរហូតបានបញ្ចប់ទាំងស្រុង។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់, រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ថវិកាបន្ថែម ដើម្បីដំណើរការអនុវត្ត «គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក.» សម្រាប់រយៈពេលបីឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២, ដែលសម្រេចបានលទ្ធផលល្អប្រសើរប្រកបដោយភាពជោគជ័យ ដូចក្នុងរបាយការណ៍របស់លោកស្រី ជា សាវ៉ុន បានលើកឡើង។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ទៀតថា ជាមួយនឹងលទ្ធផលប្រកបដោយជោគជ័យនៃដំណើរការកាត់សេចក្តីនៃរបបខ្មែរក្រហម និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិព្រមទាំងអនុលោមទៅនឹងស្មារតីនៃ«កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ, អ.វ.ត.ក ត្រូវបានផ្តល់អាណត្តិបន្ថែមឱ្យអនុវត្តមុខងារសេសសល់សម្រាប់រយៈពេលបីឆ្នាំដំបូងពីឆ្នាំ២០២៣-២០២៥ ដែលមានជាអាទិ៍៖ ការងារគតិយុត្ត, ការងារថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន រួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក.»។
ជាមួយគ្នានេះ ដើម្បីបន្តចូលរួមសហការការងារប្រកបដោយប្រសិទ្ធភាពជាមួយ អ.វ.ត.ក. ដែលបាននិងកំពុង
អនុវត្តមុខងារសេសសល់របស់ខ្លួន ឯកឧត្តម វង្សី វិស្សុត បានស្នើឱ្យមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ម.ត.ឯ.ច.)គិតគូ និងផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជាទី១. បន្តបំពេញតួនាទី និងភារកិច្ចស្នូលដែលបានកំណត់នៅក្នុងឯកសារគតិយុត្ត និងអនុក្រឹត្យដែលមានស្រាប់ ជាពិសេស ផ្តោតទៅលើការលើកកម្ពស់កេរដំណែលរបស់សាលាក្តីខ្មែរក្រហម និងការទប់ស្កាត់មនោគមវិជ្ជាខ្មែរក្រហមមិនឱ្យកើតឡើងវិញសារជាថ្មីនៅក្នុងសង្គមកម្ពុជា ដើម្បីចូលរួមពង្រឹងនិងថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំនិងស្ថិតស្ថេរជាយូរអង្វែង សម្រាប់មនុស្សជំនាន់ក្រោយ។
ទី២. បន្តសហការជាមួយមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ដែលមានសកម្មភាពការងារស្របគ្នាមួយចំនួន ដូចជា ការងារគ្រប់គ្រងបណ្ណាល័យសម្រាប់បម្រើឱ្យការស្រាវជ្រាវ, ការចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងការងារផ្សព្វផ្សាយឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការកាត់ក្ដី និងសមិទ្ធផលការងារសម្រេចបានរបស់សាលាក្ដីខ្មែរក្រហម និងទី៣. គិតគូររៀបចំគម្រោងបន្ថែមទៀត ដើម្បីពិភាក្សាជាមួយម្ចាស់ជំនួយនានា និងអង្គការដៃគូពាក់ព័ន្ធ ដែលមានបំណងគាំទ្រសកម្មភាពការងាររបស់ខ្លួន ជាពិសេស ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើគម្រោងស្រាវជ្រាវទាក់ទងនឹងប្រធានបទខាងលើ ពីសំណាក់និស្សិត ដែលជាយុវជនជំនាន់ក្រោយ ក៏ដូចជាជួយរំលឹកដល់កូនខ្មែរជំនាន់ក្រោយអោយបានស្គាល់ និងយល់កាន់តែច្បាស់អំពីសោកនាដកម្មនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុង ឆ្នាំ១៩៧៥-១៩៧៩ ដើម្បីរួមចំណែករំលឹកនិងឆ្លុះបញ្ចាំងអំពីអតីតកាលដ៏ជូរចត់ដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម និងបង្កើតនូវទស្សនៈ និងស្មារតីទប់ស្កាត់ និងបង្ការកុំឱ្យរបបបែបនេះកើតនៅលើដែនដីរបស់ខ្លួននៅពេលអនាគត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចពីការកត់សម្គាល់ថា ជាមួយនឹងការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់ដំណើរការកាត់សេចក្តី នៃរបបខ្មែរក្រហមដោយជោគជ័យ ព្រមទាំងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ, កម្ពុជាពិតជាមានមោទនភាព ជាមួយនឹងកិត្យានុភាពនៅក្នុងតំបន់ ដែលត្រូវបានចាត់ទុកថា ជាប្រទេសមួយមានបទពិសោធល្អ ក្នុងការស្វែងរកសន្តិភាពក្រោយចម្បាំង ឬជម្លោះផ្ទៃក្នុង។ បន្ថែមលើនេះ អ.វ.ត.ក. ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាតុលាការកូនកាត់គំរូមួយ ដែលប្រទេសម្ចាស់ផ្ទះដូចកម្ពុជាមានអំណាច និងអធិបតេយ្យភាពពេញលេញក្នុងការចាត់ចែង និងសម្រេចដំណើរការកាត់សេចក្តីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មសង្រ្គាម និងការសម្លាប់រង្គាលដែលមិនធ្លាប់មានប្រទេសណាមួយធ្វើបានឡើយ។ ជាក់ស្ដែង, ប្រទេសក្នុងតំបន់ និងសកលលោកបានយកទៅគិតគូ និងសិក្សារធ្វើជាគំរូក្នុងការបង្កើតតុលាការប្រហាក់ប្រហែលគ្នា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះផ្ទៃក្នុងរបស់ខ្លួនដូចជាប្រទេសស្រីលង្ការ, កេនយ៉ា, សេណេកាល់, និងសាធារណរដ្ឋអាហ្រិកកណ្តាលជាដើម។
ឯកឧត្តម វង្សី វិស្សុត បានបន្តទៀតថា តាមរយៈភាពជោគជ័យរបស់ អ.វ.ត.ក.បានធ្វើឱ្យលោកជំទាវ CARMEN Moreno អតីតអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងលោក SCHEUER Joseph អ្នកសម្របសម្រួលអ.ស.ប. ប្រចាំនៅកម្ពុជាបានលើកឡើងជាទស្សនៈថា កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេ ទាំងធនធាន និងបទពិសោធ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗ ដូចជា ការកាត់សេចក្តីប្រកបដោយជោគជ័យនៃរបបខ្មែរក្រហម។ បច្ចុប្បន្ន កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គួរមានមហិច្ឆតា និងដើរតួរឱ្យកាន់តែសកម្មនាំមុខគេ ដើម្បីចែករំលែកបទពិសោធ និងសមិទ្ធផលទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។
ឱកាសដីវិសេសវិសាលនោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្ដែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្តរហូតដល់សម្រេចសមិទ្ធផលយ៉ាងច្រើន។ បន្ថែមពីនេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីចំពោះការចូលរួមអនុវត្តយ៉ាងសកម្មដោយផ្ទាល់ និងដោយប្រយោល នាពេលកន្លងមកនេះ ក៏ដូចជានាថ្ងៃនេះក្នុងការចូលរួមតាំងពិព័រណ៍ស្តីពីសកម្មភាពអនុវត្តគម្រោងរបស់ខ្លួន៕