ឯកឧត្តមឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគ កែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry  និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរដ្ឋបាលខេត្តកំពង់ធំ និងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ។

លោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួល​​ជួបរូបលោក និងគណៈប្រតិភូក្រុមហ៊ុន។ លោក Lee Kee Yun បានបន្តជម្រាបជូនថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយ​សារ​​អាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។ល។ ដែលមានតម្លៃបន្ថែមខ្ពស់។ លើសពីនេះប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និងតំបន់ជុំវិញគឺជាតំបន់ដែលមានអំណោយផលទាំងផ្នែកពូជដំណាំ អាកាសធាតុ និងភូមិសាស្ត្រ ដែលអាចផលិតគ្រាប់ស្វាយចន្ទីមានគុណភាពខ្ពស់។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ដល់គម្រោងវិនិយោគថ្មីៗ ហើយទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់រីករាយនឹងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន។