ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនៃ ទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី បានទទួលជួប ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បី ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ និង អាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ក្នុងគោលដៅកំណត់អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិប ត្តិការរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជម្រាបជូនលោក ឯកឧត្តម ស៊ីរីល ប៊ែលលីយេ អំពីយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ គឺជាយុទ្ធសាស្រ្ដ ដែលតម្រង់ទិសដល់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រនានា និងផែនការតាមវិស័យរបស់ក្រសួង ស្ថាប័ន ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន ៦ ដែលផ្តោតសំខាន់លើការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជី, ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ, ការជំរុញអនុវត្ដយុទ្ធសាស្រ្ដអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការដាក់ចេញនូវយន្ដការសម្របសម្រួល សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ការដាក់ពង្រាយមន្រ្ដីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់, ជាពិសេស កិច្ចការអាទិភាពកែទម្រង់សំខាន់ៗ រួមមានការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, ការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ការកែទម្រង់ប្រព័ន្ធច្បាប់ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
បន្ទាប់មក ឯកឧត្តម ស៊ីរីល ប៊ែលលីយេ បានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលស្ថិតក្រោមអាណត្ដិកិច្ចរបស់ ទីស្ដីការគណៈរដ្ឋមន្រ្ដី។ ជាមួយគ្នានេះ ឯកឧត្តម ស៊ីរីល ប៊ែលលីយេ និងសហការី ក៏បានជម្រាបជូនអំពីរបៀបវារៈ (Agenda) របស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងការជួយដល់ប្រទេសកម្ពុជាបន្ទាប់ពីជំនួបជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធកន្លងមក រួមមានការលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយ (Policy Dialogue), ការលើកកម្ពស់សហគ្រិនភាព, ការលើកកម្ពស់ការតាមដានគ្រឹះស្ថានរដ្ឋបាលសាធារណៈ, ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន, ការលើកកម្ពស់វិស័យទឹកស្អាត, ការលើកកម្ពស់ប្រសិទ្ធភាពអគ្គីសនី និងការលើកកម្ពស់បរិវត្ដកម្មឌីជីថលជាដើម។
ជាការឆ្លើយតប, ឯកឧត្តមរដ្ឋលេខាធិការ បានយល់ស្របចំពោះរបៀបវារៈរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងការបន្ដសហការជាមួយរាជរដ្ឋាភិបាល។ ឯកឧត្ដម ក៏បានបញ្ជាក់ជូន ឯកឧត្តម ស៊ីរីល ប៊ែលលីយេ ថាទីស្ដីការគណៈរដ្ឋមន្រ្ដីបាននិងកំពុងរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ និងកំណត់សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនាពេលឆាប់ៗខាងមុខ។ ជាងនេះទៅទៀត, សេចក្ដីព្រាងក្របខ័ណ្ឌនេះ គឺជាឧបករណ៏គោលនយោបាយដ៏ដំខាន់មួយនៃការបន្តការកែទម្រង់អភិបាលកិច្ច តាមរយៈការលើកកម្ពស់គណនេយ្យភាព និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន ក្នុងការសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនៃ យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាការរៀបចំយន្ដការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃនេះ នឹងជំរុញឱ្យក្រសួង ស្ថាប័នទាំងអស់សហការរួមគ្នាក្នុងការអនុវត្ដ, ការកំណត់បញ្ហាប្រឈម, ការបែងចែកការងារនិងភារកិច្ចរបស់ក្រសួង-ស្ថាប័ន, ព្រមទាំងផ្ដល់មូលដ្ឋានមួយច្បាស់លាស់ក្នុងការ តម្រង់ទិស និងកែតម្រូវគោលនយោបាយ និងផែនការនានា សំដៅសម្រេចឱ្យបាននូវគោលដៅរួមតែមួយ គឺ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
គួរបញ្ជាក់ផងដែរថា ឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ពិនិត្យលទ្ធភាពក្នុងការគាំទ្រការអនុវត្តក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាអាទិភាពមួយនៃកិច្ចការកែទម្រង់ក្នុង អណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុង, ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការក្នុងកិច្ចការកែទម្រង់ក្នុង វិស័យស្នូល ដូចជាវិស័យរដ្ឋបាលសាធារណៈ, ការពង្រឹងអភិបាលកិច្ច, ការលើកកម្ពស់វិស័យអប់រំ, ការលើកកម្ពស់វិស័យសុខាភិបាល ការគំាទ្រដល់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងវិស័យឌីជីថល ជាដើម៕