ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណាយ​សប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យ​ទ្រៀល ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, សមាជិកព្រឹទ្ធសភា និងរដ្ឋសភា, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ក្រុមប្រឹក្សា ​និងគណៈអភិបាលខេត្តកំពង់ធំ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាននិងសមាជិកសមាគមឧកញ៉ាកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងលោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យទ្រៀល និងសាលាបឋម​សិក្សានានានៅមូលដ្ឋានស្រុកតាំងគោកសរុបប្រមាណជាង ៣៥០០នាក់។

បន្ទាប់ពីឯកឧត្តម​ នួន ​ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើឡើងធ្វើរបាយការណ៍ស្វាគមន៍​ជូនអង្គពិធីរួចមក, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួន ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើម នៃគោលនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ននេះ ដែលកំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងឈ្លាសវៃ តាមមាគ៌ាដ៏ត្រឹមត្រូវដោយយុវជនបន្តវេនដ៏ប៉ិនប្រសប់របស់យើង គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអញ្ជើញមានប្រសាសន៍សំណេះ​សំណាល​ ដោយបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ​ដោយក្តីនឹករឭកយ៉ាងកក់ក្តៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ព្រមទាំង​ចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់និងបានចាត់ទុកអំណោយសប្បុរសពី សមាគមឧកញ៉ាកម្ពុជា ដែលសរុបទឹកប្រាក់ជាង១,១ លាន​ដុល្លារអាម៉េរិកនៅពេលនេះ គឺជាការចូលរួមដ៏ច្រើន និងមិនធ្លាប់មានពីមុនមកសម្រាប់ខេត្តកំពង់ធំ ហើយអំណោយសប្បុរិសធម៌នេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាល និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ធំ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំផ្ទាល់តែម្តង។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកពីគំនិតគាំទ្រដ៏ថ្លៃថ្លាប្រកបទៅដោយចក្ខុវិស័យ​​វែងឆ្ងាយរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជា​ណាចក្រកម្ពុជា ចំពោះ​ការបង្កើតនិងកិច្ចដំណើរការដ៏មានសារៈសំខាន់នៃ សមាគមឧកញ៉ាកម្ពុជា។ ជាមួយនឹង ចក្ខុវិស័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក៏នៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់បំផុត រួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតការងារ បង្កើន​​ប្រាក់ចំណូល និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ចូលរួមចំណែកក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរិសធម៌ ​​ជាពិសេសរួមចំណែកក្នុងការកសាងធនធានមនុស្ស និងលើកតម្កើងគុណតម្លៃរបស់​ «ឧកញ៉ា» ទាំងតម្លៃសីលធម៌ ចរិយាធម៌ និងគុណធម៌ ឱ្យស័ក្ដិសមនឹងឋានៈក្នុងសង្គម សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សង្កត់បញ្ជាក់ថា ដើម្បីធានាឱ្យបាននិរន្តភាពនៃការីកចម្រើនរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហា​បវរធិបតីនាយករដ្ឋមន្ត្រីជាប្រមុខ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏ចម្បងបំផុត ដែលនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិ ដោយបាន​ដាក់ចេញបន្ថែមពីលើគោលនយោបាយដែលមានស្រាប់ នូវវិធានការគន្លឹះចំនួន៤រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ដោយផ្ដោតលើការគ្រប់គ្រងរបស់នាយក​សាលា, ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា ទាំងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ​ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើកសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញនិងលើកទឹកចិត្តការចូលរួម​របស់មាតាបិតា-អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។​ ហើយដើម្បីលើកកម្ពស់គុណភាពការអប់រំ គឺត្រូវមានការចូលរួម​ពីតួអង្គចំនួន៦រួមមាន៖ កត្តាសិស្សខ្លួនឯង, កត្តាគ្រូបង្រៀន, កត្តាសាលារៀន, កត្តាមាតាបិតា​និងអាណាព្យាបាលសិស្ស, កត្តាគាំទ្រពីសហគមន៍និងអាជ្ញាធរនៅនឹងកន្លែង, និង​ការចូលរួមពីវិស័យឯកជន ដែលនេះគឺជាការចូលរួមទាំងអស់គ្នា ក្រោមទិសស្លោក «ទាំងអស់គ្នាដើម្បីការអប់រំ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បានបញ្ជាក់ថា ប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង ជាពិសេសនៅក្នុងបរិការណ៍​មួយដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពបែកបាក់ ទាំងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ដូច្នេះ ការអប់រំ​គឺជាមូលដ្ឋានគន្លឹះក្នុងការបង្កើតមូលធនមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ជាមនុស្សដែលមានចំណេះដឹង មាន​ជំនាញច្បាស់លាស់ មាន​អត្តចរិត គុណធម៌ សីលធម៌ និងសុខភាពរឹងមាំ ព្រមទាំងត្រូវមានការទទួលខុសត្រូវខាងសង្គមផងដែរ។ ទន្ទឹមនេះ ក៏ត្រូវរៀបចំកម្មវិធីអប់រំឱ្យស្របនិងទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា និងឱ្យចំតម្រូវការនៃសង្គម បើមិនដូច្នោះទេ យើងនឹងត្រូវខាតធនធាន និងខាតពេលវេលា។

នៅក្នុងឱកាសនោះដែរ  ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរពីការគិតគូរ និងការដាក់ចេញនូវយុទ្ធសាស្រ្តមួយចំនួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ប្រាក់ចំណូល ការងារ ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម ព្រោះការធ្វើកសិកម្មជួបហានិភ័យច្រើន ដោយ​សារកត្តាអាកាសធាតុ និងកត្តាទីផ្សារ ដូចជា៖ ការរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំក្រុមការងារអន្តរាគមន៍ពិសេស, ការរៀបចំគម្រោងលើកកម្ពស់ជីវភាពប្រជាជន, ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ និងការរៀបំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារ​ផលិតផលខ្មែរជាដើម។ ក្រៅពីនេះ ក្រុមការងារ​ក៏បានចូលរួមពង្រឹង និងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសារធារណៈគ្រប់ប្រភេទ និងចូលរួមបន្តដោះស្រាយបញ្ហាសមធម៌និងយុត្តិធម៌សង្គម។ ឯកឧត្តម វង្សី វិស្សុត បានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ធំទាំងអស់គ្នា ក្រោមម្លប់ និងគុណតម្លៃនៃសន្តិភាព ដែលបាននាំមកដោយសារនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រទេសកម្ពុជាបានទទួលរង​ការបែកបាក់, សង្គ្រាម និងការឈឺចាប់អស់រយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិកសមាជិកាសមាគម ព្រមទាំងសប្បុរសជនចំនួន១១៤រូប ដែលបានចូលរួមបរិច្ចាគជាថវិកានិងសម្ភារៈសរុបជាទឹកប្រាក់ជាង ១ ១៧៨ ៨៨៨ ដុល្លារអាម៉េរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃខេត្តកំពង់ធំ ក្នុងនោះរួមមាន៖ កសាង​អគារសិក្សាចំនួន៥ខ្នង ស្នើនឹង៥៥បន្ទប់។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការនិងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជានិងលោកជំទាវ និងសប្បុរសជន បានអញ្ជើញចែកអំណោយដោយផ្ទាល់ជូនដល់លោកគ្រូអ្នកគ្រូ​និងសិស្សានុសិស្ស ក្នុងនោះ ជូនលោកគ្រូអ្នកគ្រូចំនួន១៨៥នាក់ ជាកញ្ចប់សម្លៀកបំពាក់ចម្រុះចំនួន១ កាតាបចំនួន១ កញ្ចប់និងថវិកា៦ម៉ឺនរៀល, ជូនលោកគ្រូអ្នកគ្រូចំនួន១៦នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរ ក្នុងម្នាក់ៗទទួលបានកង់១គ្រឿង, ជូនលោកគ្រូអ្នកគ្រូចំនួន១៥នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរហើយនៅឆ្ងាយពីសាលា​ ម្នាក់ៗទទួលបាន​ម៉ូតូ១គ្រឿង, ជូនដល់សិស្សានុសិស្សចំនួន៥៦៥០នាក់ ម្នាក់ៗទទួលបាន​សម្ភារៈសិក្សា១ឈុត ឯកសណ្ឋានសិស្ស១ឈុត សម្លៀកបំពាក់នៅផ្ទះ១ឈុត និងថវិកាចំនួន៤ម៉ឺនរៀល ព្រមទាំងជូនសិស្សានុសិស្សចំនួន៧៨៤នាក់ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ ម្នាក់ៗទទួលបានកង់ម្នាក់១គ្រឿង។ សមាគមក៏ជួយជួសជុលអគារ ផ្ដល់សម្ភារ​សិក្សា បរិក្ខាបង្រៀន សម្ភារព័ត៌មានវិទ្យាជូនដល់សាលាបឋមសិក្សាចំនួន ៦កន្លែង ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥២ ៦០២ ដុល្លារអាម៉េរិក និងផ្តល់ការឧបត្ថម្ភជូនដល់កងកម្លាំង និងប្រជាការពារចំនួន ៣៦៥នាក់ ម្នាក់ៗថវិកាចំនួន៤ម៉ឺនរៀល ក្រុមគ្រូពេទ្យថវិកា៥លានរៀល ក្រុមយុវជន ស.ស.យ.ក ថវិកាចំនួន២លានរៀល ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ សរុបចំនួន ៣៥០០នាក់ផងដែរ។