(សៀមរាប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្ដម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មិត្តភក្តិចិន ព្រមទាំងថ្នាក់ដឹកនាំយុវជន សហគ្រិន អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន សរុបប្រមាណ៣០០រូប។
ថ្លែងក្នុងពិធីបើក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពី ចំណងការទូតកម្ពុជា-ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំចាប់តាំងពីសម័យហ្វូណន ហើយសៀមរាបអង្គរក៏ជាទីក្រុងដែលមិត្តចិនធ្លាប់បានមកដល់និងធ្វើទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ដូចមានជាតឹកតាងឆ្លាក់នៅលើប្រាង្គប្រាសាទនិងក្នុងកំណត់ហេតុរបស់បេសកទូតចិន ជីវ តាក្វាន់។ ក្នុងសហសម័យនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ត្រូវបានបុកគ្រឹះនិងពូនជ្រំក្រោមស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិនគឺ ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តម ជូ អេនឡាយ និងបានបន្តរីកលូតលាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដោយបានប្រែក្លាយទៅជាដៃគូកិច្ចសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ និងបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៩ និងបានវិវត្តទៅជាចំណងមិត្តភាពដែកថែបដ៏រឹងមាំ។ ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រទេសទាំងពីរនៅតែអាចបន្តរក្សាបាននូវចំណងមិត្តភាពដែកថែបដ៏រឹងមាំនេះ និងបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ស្នូល ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោកផងដែរ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៅក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិនសម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន។ «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤»នេះគឺជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន អំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចែករំលែកទស្សនៈមានតម្លៃមួយចំនួន ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការតភ្ជាប់ប្រជាជននិងប្រជាជន ពិសេសយុវជន និងសហគ្រិនវ័យក្មេង៖ ១. ចំណងមិត្តដែលកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានបង្អែកដ៏រឹងមាំនៃទំនាក់ទំនងរវាងផ្លូវរដ្ឋនិងរដ្ឋ, ២. ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ពិសេសការស្វែងយល់, ការស្គាល់ និងការយល់ដឹងពីតម្លៃនៃវប្បធម៌និងប្រពៃណីនៃប្រទេសទាំងពីរ, ៣. ការលើកកម្ពស់ និងការជំរុញវិស័យទេសចរណ៍និង ៤. ការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ពិសេសសហគ្រិនវ័យក្មេង។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញការជឿជាក់ថា «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នឹងរឹតចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
សូមជម្រាបថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ និងជាវេទិកាមួយដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងទស្សនៈ តាមរយៈការបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា និងសកម្មភាពនានា ជាពិសេសសម្រាប់យុវជន និងសហគ្រិនតាមរយៈការផ្លាស់ប្ដូរចំណេះដឹងនិងកម្មវិធីអភិវឌ្ឍន៍នានាសម្រាប់ឱកាសអាជីវកម្ម និងការយល់ដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌ សង្គម នយោបាយ និងបច្ចេកវិទ្យា។