ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបព្រះបរមរូប សួនច្បារខាងកើតវិមានឯករាជ្យ នៅក្នុងឱកាសអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) និងអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ។ ថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមអមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងពិធីខាងលើនេះ រួមមាន៖ ១.ថ្នាក់ដឹកនាំជាទេសរដ្ឋមន្រ្តីចំនួន ៨រូប គឺ៖ ឯកឧត្តម អៀង មូលី, ឯកឧត្តម ថោង ខុន, ឯកឧត្តម សក់ សេដ្ឋា, ឯកឧត្តម អ៊ី ឈាន,ឯកឧត្តម អ៊ុក ប្រាថ្នា, ឯកឧត្តម សុក ស៊ីផាន់ណា, ឯកឧត្តម ស្រ៊ី ថារុង្គ និង ឯកឧត្តម ប៉ែន វិបុល ២.រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីចំនួន ៨ រូប គឺ៖ ឯកឧត្តម ឡាំ ហេងហួត, ឯកឧត្តម នរ៉ាណាឬទ្ធិ អានន្ទដាយ៉ាត, ឯកឧត្តម ឈួន ដារ៉ា, ឯកឧត្តម ប៉ែន បូណា, លោកជំទាវ កុយ ពិសី, ឯកឧត្តម រ័ត្ន សណ្តាប់, ឯកឧត្តម ផៃ ប៊ុនឈឿន និងឯកឧត្តម សូ​ ម៉ារ៉ា និង ៣.ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ចំនួន ២០ រូប។

ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក និងចងចាំជានិច្ចនូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីជាតិ និងប្រជាជន។

មួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ ជូនប្រជាជាតិទាំងមូល ។

ព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិតជាស្ថិតនៅក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃបំភ្លេចបានឡើយ៕