រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការអញ្ជើញចូលរូមពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពចំណុះលេខាធិការដ្ឋាន ក.រ.ម។
ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេលជាង១ឆ្នាំ និងទិសដៅការងារបន្ត ដើម្បីសម្របសម្រួលសកម្មភាពនានារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សំដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកិច្ចការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាកិច្ចការមួយដែលមានចរិតយុទ្ធសាស្ត្រ ដោយម្ខាងជួយតាមដាន គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យទៅដល់មូលដ្ឋាន និងម្ខាងទៀតជាយន្តការទទួលព័ត៌មានត្រលប់ (feedback mechanism) ដែលទទួលបានពីប្រជាពលរដ្ឋ អំពីវិធានការ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាកង្វល់ និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍ជាការតម្រង់ទិសដៅការងារមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដូចជា៖ (១). ការត្រៀមរបាយការណ៍ត្រីមាសទី៣ ក៏ដូចជាការត្រៀមរៀបចំក្របខ័ណ្ឌទស្សនាទានសម្រាប់រៀបចំសន្និបាតប្រចាំឆ្នាំ ជាពិសេសត្រូវគិតគូរការផ្សារភ្ជាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ជាមួយនឹងយន្តការនៃគណៈកម្មាធិការតាមដានត្រួតពិនិត្យ និងវាយតម្លៃ (២). ការពង្រឹងការបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយត្រូវធ្វើការវិភាគទិន្នន័យ ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈមនានា ដោយរួមទាំងតាមវិស័យ (៣). ការរៀបចំប្រព័ន្ធទិន្នន័យ (៤). បន្តរៀបចំគោលការណ៍ណែនាំផ្សេងៗពាក់ព័ន្ធនឹងសេចក្តីចាំបាច់ ដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពប្រទាក់ក្រឡា និងជាប្រព័ន្ធតែមួយដែលមានលក្ខណៈសហថាមពល សម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង(៥). ត្រូវយកចិត្តទុកដាក់ចុះបណ្តុះបណ្តាលមន្រ្តីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានណែនាំលេខាធិការដ្ឋានធ្វើកិច្ចការដោយយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួនផងដែរ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ និងការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២៥ ដោយផ្សារភ្ជាប់ទៅនឹងថវិកា។