ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមធ្វើជាអធិបតីភាពក្នុងពិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម  វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម លៀវ ចិនចុង (Liu Zhenzhong) អគ្គលេខាធិការរងនៃមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) និង មន្ត្រីជាច្រើនរូបទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យ CFPD ប្រចាំកម្ពុជា ដែលពិតជាមានលក្ខណៈពិសេស ដោយសារកម្ពុជាជាប្រទេសដែលទទួលបានការិយាល័យក្រៅប្រទេសទី១របស់ CFPD និងជាប្រទេសដែលទទួលបានមូលនិធិធំជាងគេនៅក្រៅប្រទេសរបស់ចិនពាក់ព័ន្ធនឹងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងសង្គមស៊ីវិល។ លើសពីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ វង្សី​ វិស្សុត មានប្រសាសន៍ថា ឆ្នាំ២០២៤នេះ ក៏ជាខួបអនុស្សាវរីយលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយឆ្នាំនេះក៏ជាឆ្នាំពិសេស ដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ» ផងដែរ​។ ដូច្នេះ ពិធីរំលឹកខួប៥ឆ្នាំ នៃថ្ងៃបង្កើតការិយាល័យរបស់ CFPD ប្រចាំកម្ពុជានាពេលនេះ មិនគ្រាន់តែជាការបូកសរុបសមិទ្ធផលដែល CFPD សម្រេចបានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក និងកំណត់ទិសដៅការងារទៅអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃបង្គោលចរដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចលើកឡើងថា មិត្តភាពកម្ពុជា-ចិនត្រូវបានកសាងឡើងជាច្រើនទសវត្សរ៍មកហើយ ហើយថ្នាក់ដឹកនាំច្រើនជំនាន់នៃប្រទេសទាំងពីរបានពូនផ្តុំចំណងមិត្តភាពនេះជា «មិត្តដែកថែប» ដែលមានន័យថាជាមិត្តដែលមិនអាចបំបែកបំបាក់បានឡើយ។ ក្នុងនោះ ចលនាសង្គមស៊ីវិលបានក្លាយជាផ្នែកដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈកិច្ចសហការរវាងបេះដូង និងបេះដូងរបស់ប្រជាជន ដែលជាការកសាងមូលដ្ឋានដ៏រឹងមាំ​យូរអង្វែងក្នុងការកសាង   «មិត្តត្បូងពេជ្រ»  ដែលកំណត់ជោគវាសនារួមនៃសហគមន៍នៃជនជាតិ និង ប្រទេសទាំងពីរបន្ថែមទៀត។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ​ មានប្រសាសន៍ផងដែរថា ក្នុងក្របខណ្ឌមិត្តភាពរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរត្រូវតែខិតខំកសាងឱ្យបានកាន់តែរឹងមាំថែមទៀតតាមរយៈកម្មវិធីផ្លាស់ប្តូរ កម្មវិធីកសាងសមត្ថភាពដឹកនាំ សម្រាប់ជាមូលដ្ឋានបន្តវេនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងកសាងអនាគតរួម វាសនារួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវការគាំទ្រផងដែរចំពោះការជំរុញឱ្យប្រទេសទាំងពីរ រដ្ឋាភិបាលទាំងពីរ ប្រជាជនទាំងពីរខិតខំបន្ថែមទៀត ក្នុងការផ្សារភ្ជាប់រវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាការផ្សារភ្ជាប់គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងការទូត និងផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាកិច្ចការដ៏សំខាន់ដែលប្រទេសទាំងពីរត្រូវធ្វើ ដើម្បីកសាងសហគមន៍ជោគវាសនាតែមួយឱ្យមានអត្ថន័យច្បាស់លាស់ និងជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ និងប្រទេសទាំងពីរ។

ជាងនេះទៅទៀត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានសម្តែងនូវការគាំទ្រចំពោះខ្លឹមសារប្រកប​ដោយអត្ថន័យជ្រាលជ្រៅក្នុងសារលិខិតអបអរសាទរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសារលិខិតអបអរសាទររបស់ឯកឧត្តម លៀវ ជៀនចាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងឱកាសខួប៥ឆ្នាំរបស់ CFPD ប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់ពីការគាំទ្រ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងបុព្វហេតុនៃការរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងចង្អុលបង្ហាញអំពីតួនាទីដ៏សំខាន់ប្រកបដោយបុរសកម្មរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍសង្គមជាតិ ផងដែរ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យ CFPD ប្រចាំកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលការងារ ដ៏ធំធេងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមពង្រឹងពង្រីកទំនាក់ទំនងសង្គមស៊ីវិល នៃប្រទេសទាំងពីរ និងបានដើរតួជាថ្ពក់មួយយ៉ាងសំខាន់សម្រាប់តភ្ជាប់បេះដូងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនកម្ពុជាតាមរយៈការអនុវត្តគម្រោងកែ លម្អជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសភូមិគំរូ។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សមិទ្ធផលការងាររបស់ CFPD ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ជាសក្ខីភាពយ៉ាងច្បាស់ថា អង្គការអន្តរជាតិមួយនេះ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៤៨ និងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមក្នុងស្រុកចំនួន៦,៣៩២ផ្សេងទៀត បាននិងកំពុងទទួលបាននូវសិទ្ធិស្របច្បាប់ពេញលេញក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ក្លៀវក្លា និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់នូវលំហសេរីភាពផ្នែកសង្គមស៊ីវិលនៅកម្ពុជា ដោយគ្មានការរើសអើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់ CFPD បន្តសហការជាមួយដៃគូសហប្រតិបត្តិការនៅកម្ពុជាឱ្យបានជិតស្និទ្ធ ជាពិសេស ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបង្កើនសកម្មភាពក្នុងការអនុវត្តគម្រោងកែលំអជីវភាពប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀត និងសហការជាមួយបណ្តាសង្គមស៊ីវិលផ្សេងទៀតក្នុងការកៀរគរមូលនិធិ និងជំនួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសកាត់បន្ថយភាពក្រីក្រ៕