(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច» នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOC) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន(CIIS)។ អញ្ជើញចូលរួមក្នុងអង្គសន្និសីទរួមមាន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោកជំទាវ Chen Bo ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិចិន(CIIS) លោកជំទាវ Wang Aihua នាយករងវិស្វករបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងចិន និងជាអគ្គលេខាធិការរងនៃសម្ព័ន្ធឧស្សាហកម្មបញ្ញាសិប្បនិម្មិតចិន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិន អ្នកជំនាញ ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីសរុបប្រមាណ៥០០រូប។
ថ្លែងក្នុងពិធីបើកសន្និសីទ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ញាសប្បនិម្មិត(AI) បាននិងកំពុងផ្លាស់ប្តូររបៀបរបបនៃដំណើរការអាជីវកម្ម និងបរិវត្តកម្មវិស័យឧស្សាហកម្ម និងបានក្លាយជាកត្តាជំរុញថ្មីសម្រាប់កំណើន វិបុលភាព និងសុខុមាលភាពមនុស្ស ដែលជាអ្វីដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក។ ជាមួយគ្នានេះ យើងក៏បានឃើញផងដែរថា បញ្ញាសប្បនិម្មិត(AI) ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ បង្កអស្ថិរភាពនៅក្នុងសង្គមមួយចំនួនផងដែរ។ បញ្ញាសិប្បនិម្មិត(AI) មិនមែនគ្រាន់តែជានវានុវត្តន៍បែបឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងអន្តរកម្មដែលមានឥទ្ធិពលផ្សារភ្ជាប់វិទ្យាសាស្ត្រ អភិបាលកិច្ច សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងបន្តថា ក្នុងនាមជាប្រទេសដែលមានអរិយធម៌សម្បូរបែប កម្ពុជាមានប្រវត្តិក្នុងការទទួលយក និងចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ ជំរុញភាពរីកចម្រើននិងការអភិវឌ្ឍ ជាពិសេសវិស្វកម្មនិងស្ថាបត្យកម្មនៃការសាងសង់ប្រាសាទអង្គរនិងប្រព័ន្ធធារាសាស្រ្ត ដែលអាចចាត់ទុកថាជាទីក្រុងដ៏ធំបំផុតនៅលើផែនដីក្នុងសតវត្សទី១២។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់យក «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះសំខាន់មួយ ដែលក្នុងនោះក៏បាននិងកំពុងអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដោយមានគោលដៅ «កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី» ហើយអនុលោមតាមគោលការណ៍ចំនួន៣គឺ៖ «ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល»។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកដល់អង្គសន្និសីទថា គ្មានប្រទេសណាអាចទាញយកភាពប្រទាក់ក្រឡា និងភាពស្មុគស្មាញនៃបញ្ញាសិប្បនិម្មិត (AI) តែម្នាក់ឯងបានទេ។ ភាពជាប់ទាក់ទងគ្នា(Interconnectedness) ការពឹងពាក់គ្នាទៅវិញទៅមកនៃពិភពលោក ជាពិសេសការអភិវឌ្ឍរបស់បញ្ញាសិប្បនិម្មិតខ្លួនវាផ្ទាល់ រួមជាមួយនឹងហានិភ័យនានា ទាមទារឱ្យមានកិច្ចសហការនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសនានា ក្នុងគោលដៅធានាកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃបញ្ញាសប្បនិម្មិត និងបង្កើនអត្ថប្រយោជន៍សម្រាប់ប្រជាជន និងការអភិវឌ្ឍ។ ជាការពិត គំនិតផ្តួចផ្តើមអភិបាលកិច្ច AI ជាសកលរបស់ចិន លើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ AI ប្រកបដោយទំនួលខុសត្រូវ គឺមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់អាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីលើការប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការតភ្ជាប់ទាំងនៅក្នុងតំបន់ និងពិភពលោក។ ចិន និងអាស៊ាន បានជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយទទួលស្គាល់ «សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ ស្តីពីការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការកសាងប្រព័ន្ធអេកូឌីជីថលប្រកបដោយចីរភាពនិងបរិយាបន្ន» ជាមួយនឹងវិធានការជាក់ស្តែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ AI នឹងផ្តល់ឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការឈានទៅ សម្រេចបាននូវការអភិវឌ្ឍមួយកម្រិតបន្ថែមទៀត ដោះស្រាយបញ្ហាប្រឈម និងឈានទៅរកយុគសម័យថ្មីនៃវិបុលភាព បរិយាបន្ន និងនិរន្តរភាព។
សូមជម្រាបថា គោលបំណងនៃសន្និសីទស្តីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច» ដើម្បីជាមូលដ្ឋានចាប់ផ្តើមស្វែងរកដំណោះស្រាយ និងពង្រឹងអភិបាលកិច្ច AI ដែលជាវិស័យកំពុងវិវត្តន៍ ហើយដែលយើងទាំងអស់គ្នាត្រូវការ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីធានាបាននូវអនាគតប្រកបដោយសុវត្ថិភាពនៃការប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការអភិវឌ្ឍក្រមសីលធម៌ និងអភិបាលកិច្ចនៃ AI ការកសាងក្របខណ្ឌបទប្បញ្ញត្តិសម្រាប់អភិបាលកិច្ច AI ការធានានូវទំនុកចិត្តនិងបរិយាប័ន្ននៃការប្រើប្រាស់ AI ការភ្ជាប់គម្លាតចំណេះដឹងនៅក្នុងការអភិវឌ្ឍ AI និងការធានានូវបរិយាកាសប្រកបដោយសន្តិសុខ និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ AI និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀត។ លើសពីនេះ យើងអាចរួមគ្នាបង្កើតអនាគតដែលដំណើរការជាមួយ AI ដើម្បីលើកកម្ពស់ជីវភាពសង្គម ពង្រឹងសេដ្ឋកិច្ច និងជំរុញការយល់ដឹងគ្នាទៅវិញទៅមកប្រកបដោយសមធម៌ ភាពធន់ និងវិបុលភាព៕