ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែខ្វល់ពីសុខទុក្ខបងប្អូនមានពិការភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើជាអធិបតីភាពក្នុងទិវា «ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»។ ទិវានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្ដម  លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បងប្អូនមានពិការភាព លោកគ្រូ អ្នកគ្រូ ក្មួយៗនិស្សិត និងសិស្សានុសិស្សជាច្រើនរូប។

ជាកិច្ចចាប់ផ្តើមនៃអង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ របស់
សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត  ជូនចំពោះ​ឯកឧត្តម​ លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនក្មួយៗមានពិការភាពទាំងអស់​ ​ដែលលោក​ទាំងទ្វេតែង​តែ​ខ្វល់អំ​ពីសុខ​ទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូបទាំងអស់ ជាពិសេសគឺបងប្អូនដែលមានពិការភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ជឿជាក់យ៉ាងមុតមាំថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» នឹងបន្តជួយលើកកម្ពស់សិទ្ធិ សេរីភាព សុខុមាលភាពរបស់ជនមានពិការភាពនៅគ្រប់កម្រិតក្នុងសង្គម និងគ្រប់ការអភិវឌ្ឍ ព្រមទាំងផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាពជនមានពិការភាពនៅគ្រប់ទិដ្ឋភាពនៃជីវិតទាំងទិដ្ឋភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងកីឡា។ ទិវានេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការជំរុញការធ្វើបរិយាបន្នវិស័យពិការភាពនៅក្នុងផែនការសកម្មភាព និងកម្មវិធីនានារបស់ក្រសួង ស្ថាប័ន ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដោយការផ្លាស់ប្តូរ និងអភិវឌ្ឍវិស័យពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមបរិបទថ្មីនៃយុគសម័យបច្ចេកវិទ្យាឧស្សាហកម្មជំនាន់ទី៤ ដែលជាបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ផ្សារភ្ជាប់ក្នុងគ្រប់ទិដ្ឋភាពជីវិតជាមួយឧស្សាហកម្មឌីជីថល ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរលក្ខខណ្ឌពិការភាពឱ្យកាន់តែល្អប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ១,៥ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានាដូចជា ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ដោយឡែកសម្រាប់កម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹកពីមហាវិនាសកម្ម ដែលបានកើតឡើងដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនដល់សង្គមរួមមានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និង កាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស។ នេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ។ ដូចនេះ ការធានាបាននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញនៃជម្លោះ និងសង្គ្រាម ដែលជាកត្តាដ៏ចម្បងនៅក្នុងការកាត់បន្ថយពិការភាពរបស់មនុស្សជាតិនៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌ សម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខ័ណ្ឌការងារនិងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងសំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជនមានពិការភាពគ្រប់សកម្មភាព ការលើកកម្ពស់ការងារ និងធុរកិច្ច តាមបរិការណ៍នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងរក្សាលំនឹងជីវភាព និងសេដ្ឋកិច្ចផងដែរ។

ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ​ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖ ទី១-នីតិបុគ្គលសាធារណៈ និងឯកជនត្រូវបង្កើនមូលធនលើការធ្វើវិយោគទុនជាមួយជនមានពិការភាពលើវិស័យអប់រំ បណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ បំណិនជីវិត ធុរកិច្ច ស្តារលទ្ធភាពពលកម្ម ឱ្យស្របតាមបរិបទនៃបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍។ ទី២-គ្រប់ក្រសួង ស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ ក្នុងវិស័យសាធារណៈនិងធុរជនក្នុងវិស័យឯកជនត្រូវអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដោយដាក់បញ្ចូលគោលដៅដែលមានចែងក្នុងយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួនជាមួយនឹងការដាក់ចេញនូវសូចនាករសមិទ្ធផលសម្រាប់អនុវត្តរយៈពេលខ្លី មធ្យម និងវែង។ ទី៣-គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបន្តកែសម្រួលឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅតាមទីកន្លែងសាធារណៈនិងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ ដោយផ្អែកលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពជាគោល។ ទី៤-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ បង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ បណ្ណនេះជាប្រយោជន៍ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងទី៥-ក្រសួងព័ត៌មានត្រូវបន្តធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា និងអក្សររត់ ដើម្បីជនមានពិការភាពគ្រប់ប្រភេទអាចទទួលព័ត៌មានបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​កិត្តិយស​ក្រុម​​ប្រឹក្សា​សកម្ម​ភាពជនពិការ និង​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនជនពិការភាពចំនួន២ ៦៥០នាក់ ក្នុងមួយនាក់ៗ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល, អ្នកមើលថែកុមារមានពិការភាពចំនួន៣៥០នាក់ ក្នុងមួយនាក់ៗទឹកប្រាក់ចំនួន ៥ម៉ឺនរៀល, សិស្ស និស្សិតវិទ្យាស្ថានជាតិសង្គមកិច្ច យុវជនកាយរឹទ្ធិរៀមច្បង យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣០០នាក់ ក្នុងមួយនាក់ៗជូនចំនួន ២ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ចំនួន៥០នាក់ ក្នុងមួយនាក់ៗ ជូនទឹកប្រាក់ចំនួន ១០ម៉ឺនរៀល និង គណៈកម្មការរៀបចំអង្គពិធីចំនួន ១លានរៀល៕