ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារពេលល្ងាចនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីន

សៀមរាប៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលទានអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីននៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Mired Raad Al-Hussein នៃប្រទេសហ្ស៊កដានី បេសកជនពិសេសនៃសន្ធិសញ្ញាអូតាវ៉ា លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងគណៈប្រតិភូនៃប្រទេសជាសមាជិកសន្ធិសញ្ញាអូតាវ៉ាប្រមាណ ១៦៤ប្រទេស ព្រមទាំងគណៈប្រតិភូរដ្ឋភាគី ឥស្សរជនជាតិជាន់ខ្ពស់ អង្គទូតនានា​​ ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជន ជាច្រើននាក់។

មានប្រសាសន៍ចាប់ផ្តើមក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីថា ខេត្តសៀមរាប, ជាពិសេសអង្គរ, មានប្រវត្តិសាស្ត្រជាយូរកាលណាស់មកហើយ ធ្លាប់ជារាជធានីដ៏រុងរឿងនៃអាណាចក្រដែលធំជាងគេលើពិភពលោកនៅសតវត្សទី១២ ប៉ុន្តែក៏ធ្លាប់បានធ្លាក់ចុះដល់ចំណុចទាបបំផុតដោយសារតែជម្លោះ និងជាពិសេសអំពើប្រល័យពូជសាសន៍ ដែលបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពាសវាលពាសកាល។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបង្ហាញនូវមោទនភាពដ៏ជ្រាលជ្រៅ ដែលនាពេលនេះខេត្តសៀមរាប បានក្លាយជានិមិត្តរូបនៃសន្តិភាព វប្បធម៌ និងអរិយធម៌ និងជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ។ ជាច្រើនទស្សវត្សរ៍មកហើយ ប្រទេសកម្ពុជាត្រូវបានទទួលរងគ្រោះដោយសារជម្លោះ ជាពិសេសចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ ដែលបន្សល់ទុកនូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនលានគ្រាប់។ ទោះបីជាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅបន្តឆក់យកជីវិតមនុស្ស បង្ករបួស និងបង្អាក់ការអភិវឌ្ឍជាច្រើនឆ្នាំទៀត។

ឯកឧត្តមវង្សី វិស្សុត បានចាត់ទុកកម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាពនៃក្តីសង្ឃឹម វឌ្ឍនភាព និងការប្តេជ្ញាចិត្តដ៏ក្លៀវក្លា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ប្រជាជនកម្ពុជា និងការគាំទ្រដោយមិនចេះនឿយហត់ពីដៃគូអន្តរជាតិ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្ររបស់ខ្លួនពីវិនាសកម្មទៅជាការងើបឡើងវិញ និងភាពធន់។ ជាមួយគ្នានេះ កម្មវិធីសកម្មភាពកំចាត់មីនរបស់កម្ពុជាត្រូវបានបានទទួលស្គាល់ជាអន្តរជាតិ ដោយចាប់ពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០២៣, កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីប្រមាណ៣,០២៤គីឡូម៉ែត្រការ៉េដោយជោគជ័យ។ ការណ៍នេះមិនត្រឹមតែបានផ្តល់ឡើងវិញនូវសុខសុវត្ថិភាពដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្ដារវិស័យកសិកម្មឱ្យងើបឡើងវិញប្រកប​ដោយផលិតភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបានផ្តល់ទីកន្លែងរស់នៅប្រកបដោយសុខសុវត្ថិភាពជូនគ្រួសារជាច្រើនរាប់មិនអស់ ដែលសមិទ្ធិផលទាំងអស់នេះ គឺជាសក្ខីភាពមួយបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជាក្នុងការយកឈ្នះលើកេរដំណែលនៃគ្រាប់មីន។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ទៀតថា នៅលើឆាកអន្តរជាតិ កម្ពុជាមានមោទនភាពដោយបានប្រែក្លាយខ្លួនពីអ្នកទទួលជំនួយអន្តរជាតិ មកជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបោសសម្អាតមីន។ តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារ កម្ពុជាបានចែករំលែកនូវជំនាញ និងបទពិសោធជាមួយប្រទេសដទៃទៀត តាមរយៈការដាក់ចេញនូវការគាំទ្រកម្មវិធីពង្រឹងសមត្ថភាព ការបញ្ជូនអ្នកជំនាញបច្ចេកទេស និងកងកម្លាំងដ៏ក្លាហានរបស់កម្ពុជាឱ្យចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពបោសសម្អាតមីនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ កម្ពុជាក៏បានរួមចំណែកផងដែរក្នុងការធានាគុណភាពនៃជីវិតរបស់អ្នកដែលរងគ្រោះដោយសារមីន ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ ដែលមានគោលបំណងធានានូវសិទ្ធិមនុស្សពេញលេញ និងស្មើភាពសម្រាប់ជនពិការគ្រប់រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកសមិទ្ធិផលទាំងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពជូនជាតិ ដែលជាមូលដ្ឋានស្នូលសម្រាប់សកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តប្តេជ្ញាពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបាននូវអនាគតគ្មានមីន និងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបាននៅកម្រិតអប្បបរមា ជាពិសេសការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព១៨ ដែលមានគោលបំណងបញ្ចប់ផលប៉ះពាល់នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំឮកថាសន្តិភាពដែលសម្រេចបានដោយលំបាកក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ ហើយសន្តិភាពនេះទៀតសោតត្រូវបានកសាងឡើងដោយសន្សឹមៗ តាមរយៈការបរិច្ចាគ ការលះបង់ និងជំនឿឥតងាករេថា ការផ្លាស់ប្តូរពិតជាអាចធ្វើទៅបាន។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចក្ខុវិស័យនៃពិភពលោកគ្មានមីន មិនគ្រាន់តែជាបំណងប្រាថ្នាផ្នែកគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការផ្នែកក្រមសីលធម៌ ដែលចាំបាច់សម្រាប់ការស្តារសេចក្តីថ្លៃថ្នូរ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងការធានាអនាគតមួយដែលកុមារគ្រប់រូបអាចលេងកំសាន្តដោយសេរី ប្រជាកសិករគ្រប់រូបអាចភ្ជួររាស់ធ្វើស្រែចម្ការដោយគ្មានភាពភ័យខ្លាច ហើយគ្រួសារនីមួយៗរស់នៅប្រកបដោយសុវត្ថិភាព៕