ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សម្ពោធពន្លាជាតិកម្ពុជានៅទីក្រុងណាននីង ប្រទេសចិន

ទីក្រុងណាននីង ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធពន្លាជាតិកម្ពុជា នៅទីក្រុងណាននីង ប្រទេសចិន ដោយមានការចូលរួមផងដែរពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានកាត់ខ្សែបូរ ដើម្បីជានិម្មិតរូបជា នៃការដាក់បើកសម្ពោធជាផ្លូវការនៃពន្លាជាតិកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ អមដោយលោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពិនិត្យមើលមុខទំនិញមួយចំនួន ដែលមានដាក់បង្ហាញនៅក្នុងពន្លាជាតិ និងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំរៀបចំពន្លាជាតិកម្ពុជាក្នុងពិធីដ៏សំខាន់នេះ។

ពន្លាជាតិកម្ពុជាមានទំហំ ១៦០ ម៉ែត្រក្រឡា និងត្រូវបានរៀបចំឡើង ដោយប្រើប្រាស់រចនាបថខេត្តសៀមរាប ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ខ្មែរ និងភាពទាក់ទាញរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ជាមួយគ្នានេះ ពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញផងដែរនូវផលិតផលសក្តានុពលនានា ដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច និងកសិផលផ្សេងៗទៀត ព្រមទាំងមានដាក់តាំងនូវរូបភាពជាច្រើន ដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។ ការរៀបចំពន្លាជាតិនេះ ក៏មានផងដែរនូវការសម្តែងសិល្បៈ ដោយសិល្បករ-សិល្បការិនីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។