ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម Shaharuddin Bin Onn បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបឯកឧត្ដមនិងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ, ឯកឧត្តមឯកអគ្គរាជទូត បានគូសរំលេចពីកិច្ចសហប្រតិបត្តិការល្អ និងយ៉ាងជិតសិ្នទ្ធរវាងរាជរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសទាំងពីរ ហើយឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពី បេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការបន្តប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះឯកឧត្ដមឯកអគ្គរាជទូតដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីស្ដីការគណៈរដ្ឋមន្រ្តី រួមមាន៖ ទី១- ប្រទេសចំនួនពីរក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលរួមមានប្រទេសម៉ាឡេស៊ី បានផ្តល់ការគាំទ្រផ្នែកស្មារតីនិងថវិកាដល់ដំណើរការកាត់ក្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទី២- បានជួយចលនានិងកៀរគរថវិកាពីក្រុមហ៊ុនឯកជននានា តាមរយៈសភាពាណិជ្ជកម្មរបស់ខ្លួនដើម្បីជួយបោសសំអាតមីននៅខេត្តកំពង់ស្ពឺ ទី៣- បានផ្តល់ការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងបណ្ណសារដល់មន្រ្តីនៃបណ្ណសារដ្ឋានជាតិ និងទី៤- បានផ្តល់កិច្ចសម្របសម្រួលនិងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃទីស្ដីការគណៈរដ្ឋមន្រ្តី នៅប្រទេសម៉ាឡេស៊ីទាក់ទងនឹងការរៀបចំនិងការអនុវត្តប្រព័ន្ធតាមដាននិងវាយតម្លៃ ដែលម៉ាឡេស៊ីមានភាពឈានមុខលើការងារនេះ។ កម្ពុជា ក៏បាននិងកំពុងជំរុញដាក់ឱ្យអនុវត្តប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នាពេលខាងមុខផងដែរ។
ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើដល់ម៉ាឡេស៊ី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ទាំងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G-G) និងទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើង អំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការរៀបចំគម្រោងជាក់លាក់សម្រាប់បង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដោយរំពឹងទទួលបាននូវលទ្ធផលជាក់ស្តែង។ ដោយឡែក ពាក់ព័ន្ធនឹងការវិនិយោគ ម៉ាឡេស៊ី គួរបង្កើតក្របខ័ណ្ឌ Malaysia + 1 ដើម្បីជំរុញវិនិយោគគិននៅម៉ាឡេស៊ីមកកម្ពុជាទៅលើវិស័យអេឡិចត្រូនិក និងជំរុញខ្សែច្រវ៉ាក់ផលិតកម្មតំបន់ ខណៈដែលនៅដើមទសវត្សរ៍ ៩០ ម៉ាឡេស៊ីធ្លាប់ជាប្រទេសវិនិយោគនាំមុខគេនៅកម្ពុជា។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពបន្តរឹតចំណងទំនាក់ទំនងមិត្តភាពដែលមានជាង៦៧ឆ្នាំកន្លងមក ព្រមទាំងត្រៀមខ្លួន និងរួមគ្នាស្វែងរកសក្ដានុពល និងឱកាសជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងទាំងពហុភាគី ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដែលប្រទេសទាំងពីរមានទស្សនៈប្រហាក់ប្រហែលគ្នាលើកិច្ចការតំបន់និងអន្តរជាតិ ហើយក៏រួមគ្នាពង្រឹងគោលការណ៍ឯកភាព និងមជ្ឈមភាពអាស៊ាន សំដៅរក្សាភាពខ្លាំងរបស់អាស៊ាន។ ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីស្ដីការគណៈរដ្ឋមន្រ្តី ប្រទេសទាំងពីរ ក៏នឹងបន្តពង្រឹងលើការងារបណ្ណសារជាតិ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងរដ្ឋាភិបាលឌីជីថលទាំងផ្នែករឹង និងទន់៕