ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បាន​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី៣​​ ដោយមានការចូលរួម​ពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.យ.ប. និងឯកឧត្ដមជាសមាជិក គ.យ.ប. មកពីឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឯកឧត្ដមតំណាងក្រសួងផែនការ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្ដី នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងអគ្គលេខាធិការដ្ឋាន គ.យ.ប. ដើម្បីពិនិត្យ ពិភាក្សា និងតម្រង់ទិសលើ សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសូចនាករសមិទ្ធកម្មគន្លឹះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថាសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះត្រូវបានរៀបចំឡើងចាប់តាំងពីការរៀបចំឯកសារទស្សនាទានមានរយៈពេលប្រមាណជិត ១ ឆ្នាំហើយ ដែលការរៀបចំនេះមានគុណភាពខ្ពស់ សម្រាប់ជាមូលដ្ឋានសំខាន់ក្នុងការផ្សារភ្ជាប់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) យុទ្ធសាស្រ្ដនិងកែទម្រង់របស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ទៅនឹងការរៀបចំ KPIs កម្រិតផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៥-២០២៨ និងកម្រិតផែនការអភិវឌ្ឍន៍តាមវិស័យ ឬក្រសួង ស្ថាប័ន និងកម្រិតក្រោមៗទៀត។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និង​ចក្ខុវិស័យវែងឆ្ងាយ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានកំណត់បញ្ហាប្រឈមគន្លឹះរបស់កម្ពុជាគឺ ១). ការអនុវត្ដ និង ២). ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដ និងគោលនយោបាយនានា។ ក្នុងន័យនេះ ក្របខ័ណ្ឌ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះគឺជាឧបករណ៍តម្រង់ទិសការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង ជាក្របខ័ណ្ឌរួមរបស់ប្រទេសជាតិទាំងមូល ដែលមានវិសាលភាពផ្ដោតសំខាន់លើការអនុវត្ដយុទ្ធសស្រ្ដបញ្ចកោណ ដំណាក់កាលទី១ និងការកំណត់សូចនាករសមិទ្ធកម្មគន្លឹះយុទ្ធសាស្រ្ដនិងកែទម្រង់ ដែលនឹងវាស់វែងសមិទ្ធកម្មការងារ កំណត់បញ្ហាប្រឈម និងអនុសាសន៍គោលនយោបាយ សំដៅឆ្លើយតបទាន់ពេលវេលា និង​ប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងអាចក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខ័ណ្ឌ យុទ្ធសាស្ត្រ គោលនយោបាយ និងផែនការនានា។ ចំពោះសេចក្ដីព្រាងក្របខ័ណ្ឌនេះបានដាក់ឆ្លងកិច្ចប្រជុំអន្ដរក្រសួង ស្ថាប័ន និងកិច្ចប្រជុំចង្អៀតជាច្រើនលើក និងក្រសួង ស្ថាប័នបានឯកភាព និងទទួលស្គាល់សេចក្ដីព្រាងក្របខ័ណ្ឌនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៀត បញ្ហាប្រឈមទៅមុខទៀតគឺការអនុវត្ដក្របខ័ណ្ឌនេះ ដែលត្រូវមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ក្នុង អភិក្រមប្រព័ន្ធជវភាពនៃតួអង្គតែមួយសំដៅធានាឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្រ្ដរបស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងអង្គប្រជុំ បានណែនំានិងតម្រង់ទិសលើខ្លឹមសារ និង​ពាក្យពេចន៍មួយចំនួន នៃ​សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង​បានឯកភាពជាគោលការណ៍​លើ (១) គោលបំណង វិសាលភាព អភិក្រម និងគោលការណ៍ (២) តួនាទីនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន (៣) យន្តការតាមដាន និងត្រួតពិនិត្យ (៤) យន្តការវាយតម្លៃ (៥) ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល (៦) ការគ្រប់គ្រងហានិភ័យ និង (៧) ទិសដៅអាទិភាព។ ជាមួយគ្នានេះ អង្គប្រជុំ បានតម្រង់​ទិសទាំងកម្រិតនយោបាយ និងទាំងកម្រិត​​បច្ចេកទេសលើ​សូចនាករសមិទ្ធកម្មគន្លឹះទាំង ៣៩ ដោយបានយកចិត្តទុកដាក់ខ្ពស់លើទិដ្ឋភាពស្ថិតិនិងទិន្នន័យ, បន្ទាត់មូលដ្ឋាននិងចំណុចដៅ, ក្រសួង ស្ថាប័នទទួលបន្ទុកផ្ដល់ព័ត៌មាននិងទិន្នន័យ និងក្រសួង ស្ថាប័នដឹកនាំនិងចូលរួមអនុវត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង​របស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង សូចនាករសមិទ្ធកម្មគន្លឹះ ប្រកបដោយស្មារតីបុរេស​កម្ម​ និងការទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំកិច្ចប្រជុំពិភាក្សា និង​សិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍​ទាំង​កម្រិត​បច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. ​កែសម្រួលសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង សូចនាករសមិទ្ធកម្មគន្លឹះ តាមស្មារតីរបស់អង្គប្រជុំ នឹងត្រៀមដាក់ឆ្លងកិច្ចប្រជុំអន្ដរក្រសួង មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ៕