ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការសម្របសម្រួលពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋបារាំងនៅកម្ពុជា, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ នេះជាទស្សនកិច្ចក្រៅប្រទេសជាលើកទី២ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ទាប់ពីដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី នៅខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងសភា និងថ្នាក់ដឹកនាំនៃស្ថាប័នសំខាន់ៗ នៃសាធារណរដ្ឋបារាំងរួមមាន៖ ក្រុមប្រឹក្សារដ្ឋ (Conseil d’Etat) និងអគ្គលេខាធិការដ្ឋាននៃរដ្ឋាភិបាលបារាំង (Secrétariat Général du Gouvernement) ដើម្បី៖ (១).ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ច របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្ត្រី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ពិសេសពាក់ព័ន្ធមុខងារសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តី (២).ផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងគោលការណ៍នៃការតាក់តែង និងការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងការដោះស្រាយវិវាទរដ្ឋបាល ពិសេសពាក់ព័ន្ធការជាន់សមត្ថកិច្ចគ្នា និង(៣).ផ្លាស់ប្តូរបទពិសោធអំពីការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក៏ដើម្បីរួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងផងដែរ ពិសេសឈរលើមូលដ្ឋាននៃទំនាក់ទំនងពិសេស និងដ៏ជិតស្និទ្ធរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និង ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងបារាំង មានប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធច្បាប់ប្រហាក់ប្រហែលគ្នា ដោយសារឥទ្ធិពលនៃមរតករបស់អាណាព្យាបាលបារាំងនៅកម្ពុជាចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនបទពិសោធ និងការអនុវត្តល្អៗបន្ថែមទៀត ដែលអាចប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ធ្វើការកែលំអររបៀបរបបបំពេញការងារ និងកែទម្រង់ប្រព័ន្ធការងារ ដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនូវមុខងារគន្លឹះ និងស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដូចជា៖ (១).ការពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគិតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសំណើ/របាយការណ៍របស់ក្រសួងស្ថាប័ននានា (២).ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងចាត់ចែងសម្របសម្រួលការងារអន្តរក្រសួង និងកិច្ចការមួយចំនួនទៀត តាមការណែនាំរបស់នាយករដ្ឋមន្រ្តី និង (៣).ការងារតាមដានវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និង តាមដានការអនុវត្តបទបញ្ជា គោលការណ៍ណែនាំ និងការសម្រេចនានារបស់គណៈរដ្ឋមន្រ្តី ជាដើម។