ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព បានអញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះគោរមងារជាកិច្ចបច្ឆាមរណៈថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នូវព្រះគោរមងារកិត្តិយស “ព្រះមហាវីរសង្ឃសិរីធម្មរាជ ដែលមានករុណាដ៏ជ្រាលជ្រៅបំផុត និងជាគ្រូនៃមាគ៌ាដ៏បរិសុទ្ធរបស់ពុទ្ធសាសនា” ដែលថ្វាយដោយអង្គការជំនួបកំពូលពុទ្ធសាសនា ដែលដឹកនាំដោយព្រះមហាថេរបណ្ឌិត Shinkai Kori ព្រះប្រធានអង្គការជំនួបកំពូលពុទ្ធសាសនា និងជាព្រះប្រធានសន្និសីទកំពូលពុទ្ធសាសនាពិភពលោក។ពិធីនេះ ក៏មានការយាងនិមន្តចូលរួមពីសំណាក់សម្ដេចព្រះពោធិវង្ស កត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃ និងគណៈព្រះសង្ឃចំនួន ១៧ ប្រទេស ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្នុងនាមគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះអង្គការជំនួបកំពូលពុទ្ធសាសនា និងសន្និសីទកំពូលពុទ្ធសាសនាពិភពលោក ព្រមទាំងសម្តេចព្រះសង្ឃរាជចំនួន៥១ប្រទេស ពិសេសបានថ្វាយនូវអំណរព្រះគុណចំពោះព្រះមហាថេរបណ្ឌិត Shinkai Kori ព្រះប្រធានអង្គការជំនួបកំពូលពុទ្ធសាសនា និងជាព្រះប្រធានសន្និសីទកំពូលពុទ្ធសាសនាពិភពលោក ដែលបានសម្រេចជ្រើសរើស ប្រកបដោយសុភវិនិច្ឆ័យក្នុងការថ្វាយព្រះគោរមងារជាកិច្ចបច្ឆាមរណៈសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះគោរមងារកិត្តិយស “ព្រះមហាវីរសង្ឃសិរីធម្មរាជ ដែលមានករុណាដ៏ជ្រាលជ្រៅបំផុត និងជាគ្រូនៃមាគ៌ាដ៏បរិសុទ្ធរបស់ពុទ្ធសាសនា” នាឱកាសនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចាត់ទុកការសម្រេចថ្វាយព្រះគោរមងារនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់ ប្រកបដោយក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះព្រះគុណូបការៈដ៏ធំធេងរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ប្រកបដោយព្រះស្មារតីជ្រះថ្លា និងវីរិយភាពខ្ជាប់ខ្ជួន ក្នុងការដឹកនាំព្រះសង្ឃ, ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ ដើម្បីសេចក្ដីចម្រើន, ដើម្បីជាប្រយោជន៍, ដើម្បីសេចក្ដីសុខ, ដើម្បីសុខសន្តិភាព និងសុភមង្គលរបស់មនុស្សជាតិ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា បច្ចុប្បន្នពិភពលោក កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ, ភាពមិនប្រាកដប្រជាកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់ ហើយកំពុងតែត្រូវបានញំញីដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដ៏ស្រួចស្រាល់, អំពើហិង្សា, ភាពជ្រុលនិយម, ការបែកបាក់, ជម្លោះប្រដាប់អាវុធ, សង្រ្គាមវោហារ, សង្រ្គាមចិត្តសាស្រ្ត, ការប្រែប្រួលអាកាសធាតុ, ជំងឺដង្កាត់រាតត្បាត, អសមធម៌សង្គម និងភាពក្រីក្រអត់ឃ្លាន ព្រមទាំងបញ្ហាប្រឈម និងការគំរាមកំហែងជាច្រើនទៀត។ ស្ថានភាពបែបនេះ បាននិងកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើនយោបាយ, សង្គម, សេដ្ឋកិច្ច, ការអភិវឌ្ឍ, វិបុលភាព, សន្តិភាព និងភាពសុខសាន្តរបស់មនុស្សជាតិក្នុងពិភពលោក ពិសេសតាមបណ្តាប្រទេសក្រីក្រ និងតូចតាចទន់ខ្សោយ។ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្នុងបរិបទនេះ ពុទ្ធោវាទ និងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងការប្រកាន់យកនូវភាពអហិង្សា, ការគោរព, ការអត់ឱន, សេចក្តីស្រឡាញ់, មេត្តា និងករុណា ពិតជាមានសារៈសំខាន់ចាំបាច់ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈម និងហានិភ័យខាងលើ ក៏ដូចជាដើម្បីអប់រំមនុស្សឱ្យវៀរចាកអំពើបាប, ធ្វើអំពើល្អ, ស្រលាញ់គុណធម៌, យុត្តិធម៌ និងសីលធម៌ ព្រមទាំងប្រកាន់ខ្ជាប់នូវអរិយមគ្គទាំង៨ ដើម្បីសេចក្តីសុខ និងដើម្បីសេចក្តីចម្រើន សម្រាប់ខ្លួនឯង, អ្នកដៃ, សង្គមជាតិ និងធម្មជាតិជុំវិញខ្លួន ព្រមទាំងសព្វសត្វលោកទាំងពួង ក៏ដូចជាដើម្បីរួមវិភាគទានដល់វប្បធម៌អហិង្សា, ការប្រតិបត្តិនូវផ្លូវកណ្តាល, សាមគ្គីភាព, វិបុលភាព, ភាពសុខដុមរមនា, សន្តិភាព និងភាពសុខសាន្តរបស់មនុស្សជាតិ។
ក្នុងឱកាសដ៏មានសារសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកថា ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយដល់កម្ពុជា និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបទ, សកម្មភាព និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាយូរលុងណាស់មកហើយ ពោលគឺចាប់តាំងពីដើមសតវត្សទី៣ មកម្ល៉េះ។ វិស័យសាសនា និយាយជារួម និងនិយាយដោយឡែក ព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលសុខសន្តិភាព ដែលជាផលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមានសាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបាននិងកំពុងបន្តនូវបេសកកម្មដ៏ជ្រះថ្លានេះ។ កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ, គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជាបន្តប្តេជ្ញាថែរក្សាសុខដុមនីយកម្មសាសនា ដែលមានវត្តមាននៅកម្ពុជា ហើយប្រជាជនកម្ពុជាទាំងអស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់អង្គការជំនួបកំពូលពុទ្ធសាសនា ចំពោះការរួបរួមសាមគ្គីនៃនិកាយពុទ្ធសាសនាទាំងបី គឺថេរវាទ, មហាយាន, វជ្រយាន និងការបង្កើតសន្និសីទកំពូលពុទ្ធសាសនាពិភពលោក ដែលជាវេទិកាប្រមូលផ្ដុំមេដឹកនាំពុទ្ធសាសនា អ្នកប្រាជ្ញខាងសាសនា និងពុទ្ធសាសនិកជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ និងលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព និងអហិង្សា ដែលអាចនាំមកនូវសន្តិភាពខាងក្នុង សម្រាប់បុគ្គល, សន្តិភាពគ្រួសារ, សន្តិភាពសង្គម និងសន្តិភាពពិភពលោកទាំងមូល។ ផ្អែកលើមូលដ្ឋាននេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការជំនួបកំពូលពុទ្ធសាសនា ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដី។
ទន្តឹមនឹងនេះ ឯកឧត្តម វង្សី វិស្សុត បានឆ្លៀតយកឱកាសនោះថែ្លងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គការជំនួបកំពូលពុទ្ធសាសនា និងសន្និសីទកំពូលពុទ្ធសាសនាពិភពលោក ដែលបានថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នូវគោរមងារកិត្តិយស ជា“ព្រះបិតាដ៏ឧត្តុង្គឧត្តមបំផុតនៃពុទ្ធសាសនាពិភពលោក” និងបានថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវគោរមងារកិត្តិយសជា“ព្រះស្រីលោកធម្មិករាជ” ។ ជាមួយគ្នានេះ អង្គការជំនួបកំពូលពុទ្ធសាសនាក៏បានដង្ហែនូវចំណែកនៃព្រះអដ្ឋិធាតុព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” យកទៅតម្កល់នៅមហាសាលរាជវាំងព្រះពុទ្ធសាសនា ដែលត្រូវបានកសាងឡើងឧទ្ទិសថ្វាយអង្គសម្ដេចឳព្រះបរមរតនកោដិ ហើយក៏នឹងគ្រោងនឹងដង្ហែនូវចំណែកនៃព្រះអដ្ឋិធាតុរបស់សម្ដេចព្រះមហាសង្ឃរាជ យកទៅប្រតិស្ឋាននៅមហាសាលរាជវាំងព្រះពុទ្ធសាសនា ដើម្បីធ្វើសក្ការបូជាផងដែរ៕