ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំចង្អៀតរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីធ្វើការពិភាក្សាលើទស្សនទាននៃការកែទម្រង់ច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
អង្គប្រជុំបានធ្វើការពិភាក្សានិងផ្លាស់ប្តូរទស្សនយោបល់ពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ ឱ្យសមស្របទៅនឹងបរិបទ និងបរិការណ៍ថ្មីរបស់កម្ពុជា និងបានពិភាក្សាលើគោលគំនិត យុទ្ធសាស្រ្ត និងជម្រើសមួយចំនួន ដើម្បីឱ្យអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អាចដំណើរការ និងបំពេញមុខងារភារកិច្ចរបស់ខ្លួន ដោយរលូន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ពិសេសដើម្បីឱ្យអាចបំពេញមុខងារជាអ្នករៀបចំផែនការ និងយុទ្ធសាស្រ្ត ព្រមទាំងជាធនធានខួរក្បាល (think tank) លើការងារកែទម្រង់ច្បាប់។
ក្រៅពីនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សាលើកិច្ចការមួយចំនួនផងដែរ ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នាពេលខាងមុខ៕