ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន, សម្តេចព្រះមង្គលមុនីរង្សី ហូរ ឈីវ នាថ, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ព្រមទាំងសមាជិកសមាជិការ នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រគេនថ្វាយនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសម្តេចព្រះរាជាគណៈ មន្រ្តីសង្ឈ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលចូលរួមរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីថ្ងៃព្រះអង្គយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ពេលនេះ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានធ្វើការបូកសរុបផែនការសកម្មភាព និងពិភាក្សាដោយលំអិតលើផែនការសកម្មភាពសំខាន់ៗមួយចំនួន ដែលបានរៀបចំដោយអនុគណៈកម្មការនានា ពិសេសពាក់ព័ន្ធនឹងរៀបចំព្រះរាជពិធីដង្ហែរព្រះសព ការរៀបចំព្រះមេរុ និងការថ្វាយព្រះភ្លើងព្រះសព ព្រមទាំងកិច្ចការបច្ចេកទេសមួយចំនួនទៀត ដើម្បីឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕