ព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ក្រុមការងារ ដែលរួមមាន៖ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម សៀង ឈុនទ្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ចុះជួបសំណេះសំណាលជាមួយបងប្អូនក្រុមកីឡាករអ៊ុំទូកង ដែលមានឈ្មោះ «ស្រីសសុខសែនជ័យ» ដែលជាទូករបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីបសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងនាមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម អេង ទូច បានថ្លែងលើកទឹកចិត្ត ដល់បងប្អូនកីឡាករដែលជាចំណុះទូកង «ស្រីសសុខសែនជ័យ» ទាំងអស់ ឲ្យខិតខំប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ដើម្បីបន្តដណ្តើមយកជ័យជំនះ និងដើម្បីបន្តរក្សាខ្សែក្រវ៉ាត់ជាទូកលឿន និងមានឈ្មោះល្បី។ ជាមួយគ្នានេះ បងប្អូនត្រូវរក្សាសុខភាព ការហូបចុក ការសំរាកយកកម្លាំងឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមប្រកួតឲ្យអស់សមត្ថភាព។
ក្នុងឱកាសនោះដែរ ក្រុមការងារបានពាំនាំនូវអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នូវថវិកាចំនួន ៤០ លានរៀល និងសំលៀកបំពាក់ រួមមាន អាវ ខោ និងមួក។
គួរបញ្ជាក់ដែរថា ទូកង «ស្រីសសុខសែនជ័យ» ត្រូវបានកសាងឡើងដោយសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៩៧។ ទូកង «ស្រីសសុខសែនជ័យ» ជាប្រភេទទូកអ៊ុំបុរសខ្នាតវែង ហើយស្ថិតក្នុងចំណោមទូកងដែលជាប់ឈ្មោះល្បី ចាប់តាំងពីពេលនោះ ក៏ដូចជាក្នុងអាណត្តិរបស់ឯកឧត្តម ប៊ិន ឈិន អតីតអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រហូមកទល់នឹងពេលនេះ។