(សៀមរាប)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរលើកដំបូង មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានលើកឡើងថា ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍។ ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្ម ដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាបអង្គរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧,០០.០៦ ហិកតា និងបម្រុងដីប្រមាណ ១,០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឲ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។ ក្រុមហ៊ុន AIAI បានបោះទុនវិនិយោគ ក្នុងទំហំប្រមាណ៨៨០លានដុល្លារ ក្នុងឆ្នាំ២០១៦ និងបានកើនឡើងដល់ ១,១០០លានដុល្លារ ក្នុងឆ្នាំ២០២២។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ គូសបញ្ជាក់ថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាលនៃនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ អាកាសយានដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។
អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕