អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)

អំពី អ.វ.ត.ក

        របបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវទម្លាក់ពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ទារុណកម្ម ការសម្លាប់ និងការបង្ខំឲ្យធ្វើការហួសកម្លាំង ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនៃរបបនោះ។ សង្គ្រាមស៊ីវិលបានបន្ដក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ។ នៅទីបំផុត សង្គ្រាមស៊ីវិលបានត្រូវបញ្ចប់ នៅឆ្នាំ ១៩៩៨ នៅពេលដែលរចនាសម្ព័ន្ធនយោបាយ និងយោធារបស់របបកម្ពុជាប្រជាធិបតេយ្យត្រូវបានកម្ទេចចោល។
        នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំជំនួយបច្ចេកទេសពីអង្គការសហប្រជាជាតិ សំដៅបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ នៅឆ្នាំ ២០០១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់មួយដើម្បីបង្កើតតុលាការកាត់សេចក្ដីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្ដឡើងនៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥-១៩៧៩។ តុលាការនេះមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក ឬហៅថាសាលាក្តីខ្មែរក្រហម) ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទទូចសុំថា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ តុលាការជម្រះក្ដីត្រូវប្រព្រឹត្ដទៅនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់មន្ដ្រី និងចៅក្រមកម្ពុជា ដោយមានការចូលរួមពីមន្ដ្រី និងចៅក្រមអន្ដរជាតិ។ កម្ពុជាបានអញ្ជើញសហគមន៍អន្ដរជាតិឲ្យចូលរួមសហការក្នុងការកាត់សេចក្ដីនេះ ដើម្បីធានាឲ្យមានយុត្ដិធម៌ជាលក្ខណៈអន្ដរជាតិ ព្រោះកម្ពុជាយល់ឃើញថាធនធានមនុស្ស និងសមត្ថភាពផ្នែកតុលាការរបស់ខ្លួននៅមានកម្រិត ហើយឧក្រឹដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ក៏មានចរិតលក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្មផងដែរ។
        ចុងបញ្ចប់ កិច្ចព្រមព្រៀងមួយជាមួយអង្គការសហប្រជាជាតិត្រូវបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០០៣ ដែលចែងអំពីថាតើ សហគមន៍អន្ដរជាតិនឹងជួយឧបត្ថម្ភ និងសហការរបៀបដូចម្ដេចនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញនេះ។ តុលាការគំរូថ្មី ហើយពិសេសនេះ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ប៉ុន្ដែតុលាការនេះគឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ។ តុលាការនេះ គឺជាតុលាការកម្ពុជាដែលមានការចូលរួមពីសហគមន៍អន្ដរជាតិ ដែលនឹងអនុវត្ដទៅតាមស្ដង់ដារអន្ដរជាតិ ។ តុលាការនេះ នឹងផ្ដល់ជាគំរូថ្មីមួយសម្រាប់ដំណើរការកាត់ក្ដីនៅកម្ពុជា។
        គេហទំព័រនេះ នឹងណែនាំអ្នកទៅកាន់អង្គជំនុំជម្រះវិសាមញ្ញ និងឆ្លើយសំនួរមួយចំនួនដែលមនុស្សទូទៅសួរអំពីការកាត់ទោស។ សូមទាក់ទងការិយាល័យកិច្ចការសាធារណៈ ប្រសិនបើអ្នកត្រូវការព័ត៌មានជាក់លាក់បន្ថែម ឬចង់រៀបចំដំណើរទស្សនកិច្ចទៅកាន់ អ. វ. ត. ក។
ទីតាំងរបស់ អ.វ.ត.ក
        អ.វ.ត.ក មានទីតាំងនៅខាងឆ្វេងដៃនៃផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលចម្ងាយចំនួន១៦គីឡូម៉ែត្រពីវត្តភ្នំ។ តំណាងសារព័ត៌មាន និងសាធារណជនត្រូវចូលតាមច្រកខាងកើត។ ដើម្បីមកដល់ អ.វ.ត.ក សូមធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់មកបន្តដំណើរហួសអាកាសយានដ្ឋានតាមផ្លូវជាតិលេខ៤ប្រមាណ៤គីឡូម៉ត្រ។ ប្រសិនបើគ្មានយាន្តជំនិះផ្ទាល់ខ្លួនទេ សាធារណជនអាចជិះតាក់ស៊ី ឬរ៉ឺម៉កកង់បី។
ប្រសិនបើមានចម្ងល់ពាក់ព័ន្ធនឹងការចូលរួមសវនាការនៅ អ.វ.ត.ក សូមទាក់ទងមកផ្នែកកិច្ចការសាធារណៈតាមសារអេឡិកត្រូនិកៈ pas@eccc.gov.kh។
ប្រអប់សំបុត្រលេខ ៧១, ភ្នំពេញ, កម្ពុជា
Tel: (៨៥៥) ២៣ ៨៦១ ៥០០
Fax: (៨៥៥) ២៣ ៨៦១ ៥៥៥
គេហទំព័រៈ http://www.eccc.gov.kh
https://www.youtube.com/krtribunal
https://www.flickr.com/photos/krtribunal
https://www.facebook.com/krtribunal


 
ទូរស័ព្ទ: ០២៣ ២៣១ ២២១ / ០៩៥ ៧៥ ២៩ ៦៩
Email: info@ldc-eccc.gov.kh
Website: www.ldc-eccc.gov.kh
Facebook Page: មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. LDC
វិថី ឧកញ៉ា ម៉ុងរិទ្ធី (១៩២៨) និង ១១២៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។